ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការផែនការ វិនិយោគរដ្ឋសភាសម្តែងការភ្ញាក់ផ្អើលពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ
គណៈកម្មការផែនការ វិនិយោគរដ្ឋសភាសម្តែងការភ្ញាក់ផ្អើលពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/22/2019 9:05:55 PM )

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានសម្តែង ការកោតសរសើរ​ និងភ្ញាក់ផ្អើលចំពោះការរីកចម្រើន និងគម្រោងអភិវឌ្ឍន៍នានា ដែលកំពុងរីកដុះដាលជាខ្លាំងនៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ជា វ៉ាន់ដេត និងសហការី បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម យន្ត មីន​ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសដែលគណៈកម្មការជំនាញរដ្ឋសភាចុះសិក្សាស្វែងយល់ការងារពាក់ព័ន្ធការទទួល ខុសត្រូវរបស់គណៈកម្មការនៅក្នុងខេត្តនេះ​ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម យន្ត មីន បានជម្រាបប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពីសក្ដានុពល សំខាន់ៗរបស់ខេត្ត ក្នុងវិស័យទេសចរណ៍​ និងវិនិយោគ។ វិស័យទេសចរណ៍​និងវិនិយោគដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវ ទេសចរជាតិ អន្តរជាតិ ព្រមទាំងអ្នកវិនិយោគបរទេស។ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគធំៗ សំណង់អគារខ្ពស់ៗ បានកំពុងសាងសង់ ជាច្រើន។

ជាមួយការអភិវឌ្ឍយ៉ាងឆាប់រហ័សខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ចំពោះកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ អ្នកវិនិយោគទុន និងអ្នកទេសចរ។ អាជ្ញាធរក៏បានគិតគូរលើបញ្ហាសំខាន់ៗ ដូចជាការផ្គត់ផ្គង់ទឹកស្អាត។​ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ខេត្តបានថែរក្សា និងអភិវឌ្ឍន៍ប្រភពទឹកស្អាតដូចជា នៅតំបន់ក្បាលឆាយ ស្ទឹង បឹង អូរ ប្រឡាយនានាដែលមាន សម្រាប់​បម្រើដល់ការផ្គត់ផ្គង់ទឹកស្អាត និងស្រោចស្រប់ដំណាំរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ​ការផ្គត់ផ្គង់ទឹកស្អាតទូទាំងខេត្តមានចំនួន៩មូលដ្ឋាន ដែលមានទីតាំងនៅក្នុងក្រុងព្រះសីហនុមាន៤មូលដ្ឋាន គឺអង្គភាពរដ្ឋាករទឹកស្អាត (អង្គភាពរបស់រដ្ឋ) ក្រុមហ៊ុនអានកូរ។ ២មូលដ្ឋានទៀតនៅកោះរ៉ុង និងនៅស្រុកព្រៃនប់មាន៣មូលដ្ឋាន ស្រុកស្ទឹងហាវមាន២មូលដ្ឋាន។ប្រជាពលរដ្ឋ ប្រមាណ៨២.៨០%គ្រួសារ មានទឹកស្អាតប្រើប្រាស់។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ពីការថែរក្សាបរិស្ថាន។ ខេត្តបានដាក់ផែនការក្នុងការគ្រប់គ្រងទឹកកខ្វក់ ជំរុញ​ និងផ្សព្វផ្សាយ ឱ្យគ្រប់សំណង់លំនៅដ្ឋាន អាជីវកម្មទាំងអស់ត្រូវភ្ជាប់ ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងបំពាក់ប្រព័ន្ធចម្រោះទឹកកខ្វក់ស្វ័យប្រវត្តិ។

ឯកឧត្តម ជា វ៉ាន់ដេត និងសហការី បានកោតសរសើរអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ និងបានដោះស្រាយនូវបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានជំរុញអាជ្ញាធរខេត្តបន្តខិតខំថែរក្សាបរិស្ថាន និងកៀរគរអ្នកវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន