ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការផែនការ វិនិយោគ រដ្ឋសភា ជំរុញកសិដ្ឋានដំាដុះដើមអាកាសស្យ៉ានៅខេត្តព្រះសីហនុធ្វើជាគំរូដល់កន្លែងផ្សេងទៀត
គណៈកម្មការផែនការ វិនិយោគ រដ្ឋសភា ជំរុញកសិដ្ឋានដំាដុះដើមអាកាសស្យ៉ានៅខេត្តព្រះសីហនុធ្វើជាគំរូដល់កន្លែងផ្សេងទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/22/2019 7:21:58 AM )

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានចុះបំពេញបេសកកម្ម ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន Cam Agra Investment Group Ltd ដែលជាក្រមហ៊ុនដាំឈើអាកាសស្យ៉ា សម្រាប់ធ្វើក្តារបន្ទះនាំចេញទៅក្រៅប្រទេស ស្ថិតនៅឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

បើតាមការឲ្យដឹងរបស់តំណាងក្រុមហ៊ុន Cam Agra Investment Group Ltd ថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនវិនិយោគប្រតិបត្តិការដាំដើមឈើ អាកាសស្យ៉ា(Acacia) និងដើមធ្យូនែល (Eucalyptus) ហើយផលិតផលពាក់កណ្តាលសម្រេចរបស់ក្រុមហ៊ុន ត្រូវបានលក់ចេញទៅទីផ្សារក្នុងស្រុក និងនាំយកទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់កែច្នៃជាផលិតផលសម្រេច ហើយលក់ចេញទៅក្រៅប្រទេស ដូចជា ប្រទេសជប៉ុន និងប្រទេសចិន ជាដើម។

ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន និងបានជំរុញឲ្យក្រុមហ៊ុន ប្រើប្រាស់ឲ្យអស់សក្តានុពលរបស់ខ្លួន ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនក៏បានសំណូមពរដល់គណៈកម្មការជំនាញរដ្ឋសភានេះ ជួយសម្រប សម្រួលអំពីពន្ធអាករលើផលិតផលឈើដាំដុះដែលមានលក្ខណៈមិនមែនធម្មជាតិ។

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា សន្យាថានឹងពាំនាំនូវសំណូមពរបស់ ក្រុមហ៊ុនជូនរាជរដ្ឋាភិបាលតាមរយៈសម្តេចប្រធានរដ្ឋសភា និងបានចាត់ទុក កសិដ្ឋានដាំដុះ និងកែច្នៃដើមអាកាស្យ៉ានៅទីនេះ អាចជាគំរូសម្រាប់ ពង្រីកការដាំដុះឈើប្រភេទនេះនៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន