ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការអប់រំរដ្ឋសភា និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពី "ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា"
គណៈកម្មការអប់រំរដ្ឋសភា និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពី "ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា"
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/22/2019 12:39:09 AM )

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា សហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី​ "ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា" នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

សិក្ខាសាលានេះរៀបចំធ្វើឡើងក្នុងគោលបំណងផ្តល់វេទិកាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ ចំណេះដឹង ទស្សនទាន ចំពោះការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា ដើម្បីឆ្លើយតបការរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជាពិភពលោក នៅក្នុងបរិបទបច្ចេកវិទ្យាមានការរីកចម្រើន។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលានេះ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ វាគ្មិនជាតិ អន្តរជាតិជាច្រើន។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានសិក្ខាសាលានាឱកាសនេះ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា​ នេះជាវេទិកា មួយសមស្រប និងត្រូវតាមកាលៈទេសៈ ដើម្បីបង្កឱកាសដល់តួអង្គពាក់ព័ន្ធទាំងឡាយ ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទស្សនទានថ្មីៗ និងការពិភាក្សា ដើម្បីរំលេច និងស្វែងរកនូវគន្លឹះថ្មីៗក្នុងការជួយជ្រោមជ្រែងដល់និស្សិត សិស្សានុសិស្ស មន្ត្រីអប់រំ និងលោកគ្រូអ្នកគ្រូបើកទូលាយ នូវគំនិតថ្មីៗបន្ថែមទៀត និងបង្កើនការយកចិត្តទុកដាក់ទ្វេដង ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដែលអាចឆ្លើយតបទៅនឹងបរិបទសង្គម នាពេលបច្ចុប្បន្ន និងទៅអនាគត ផ្សាភ្ជាប់និងនិន្នាការសកលនៃយុគសម័យឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងជាមូលដ្ឋាន សំខាន់មួយនៃដំណើរការអភិវឌ្ឍន៍។

ឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភា មានប្រសាសន៍ថា នៅសតវត្សរ៍ទី២១នេះ ពិភពលោកបានទទួលស្គាល់នូវការវិវត្តយ៉ាងឆាប់រហ័ស ផ្នែក បច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។ ក្នុងទិដ្ឋភាពនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមមានការប្រែប្រួល និងមានឥទ្ធិពលយ៉ាងខ្លាំងដល់តម្រូវការជីវភាព ជាក់ស្តែងប្រចាំថ្ងៃ រួមទាំងសកម្មភាពផ្តល់ និងទទួលយកការអប់រំ។ ការឆ្លើយតបប្រទេសនានាលើសកលលោក ជាពិសេសប្រទេសមានការអភិវឌ្ឍ ខ្លាំងផ្នែកសេដ្ឋកិច្ចបានធ្វើការអភិវឌ្ឍ និងរៀបចំកំណែទម្រង់ជាបន្តបន្ទាប់នូវប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីចាប់ យកឱកាស ព្រមទាំងចាកចេញឱ្យផុតពីអន្ទាក់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ លើមូលដ្ឋាននេះ​ ព្រះរាជាណាចក្រកម្ពុជាក៏ត្រៀមខ្លួនសម្រាប់ដំណើរ ឈានទៅយុគ្គសម័យឌីជីថល ដូចដែលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានចែងអំពីអទិភាពការងារសំខាន់ៗក្នុងនីតិកាលទី៦នេះ ដែល ពាក់ព័ន្ធការលើកកម្ពស់គុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបនឹងបដិវត្តន៍ ឧស្សាហកម្មទី៤។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ​ រវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដែលមាន ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន និងក្រសួងអប់រំ យុវជន និងកីឡា ដែលមាន ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ជារដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានស្នើដល់វាគ្មិន អ្នកឯកទេស និងអ្នកចូលរួមទាំងអស់ ចែករំលែកបទបពិសោធន៍ និងការប្រមូលគំនិត យោបល់ ទស្សនៈជាគន្លឹះនានា ក្នុងទិសដៅចូលរួមចំណែកក្នុងការរៀបចំគោលនយោបាយការរៀបចំផែនការសកម្មភាព និងវិធានការនានា ក្នុងវិស័យអប់រំឱ្យកាន់តែចំទិសដៅ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន