ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ និងលោកជំទាវ​ ប្រារព្ធពិធីសូត្រមន្តបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃសំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ និងលោកជំទាវ​ ប្រារព្ធពិធីសូត្រមន្តបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃសំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/7/2019 8:40:44 AM )

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ទី១៥ នឹងទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ សៅ​ ទី ព្រមទាំង​ ឯកឧត្តម លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូលនៅវត្តគីរីសុវណ្ណារាមហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០១៩។ ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធ ពិធីនមស្ការព្រះរតនត្រ័យសមាទានសីលបង្សុកូល​ និងប្រារព្ធពិធីរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលទៅដល់បុព្វការីជនរបស់ សម្តេច អគ្គមហាពញាចក្រី ហេង​ សំរិន​ និងលោកជំទាវ មាន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ​ ហើយសូមឲ្យបានឋិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីនេះដែរ ព្រះសង្ឃបានប្រោះព្រំប្រសិទ្ធពរជ័យមង្គល​ នឹងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធទាំងឡាយ ក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងសូមទេវតាឆ្នាំថ្មីឆ្នាំកុរ ព្រះនាម ទុង្សាទេវី សូមតាមជួយអភិបាលប្រោះព្រំសាធុការ ពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា និង លោកជំទាវ​ សៅ​ ទី​ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេចបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ដែលថា វត្តគីរីសុវណ្ណរាមហៅវត្តថ្កូវនេះស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំក​ក់ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ ជាវត្តមានវ័យចំណាស់មួយក្នុងតំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្តទាំងមូលមានការរីកចំរើនយ៉ាងខ្លាំង មានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការខាងវិស័យព្រះពុទ្ធសាសនា អាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ។

នៅក្នុងឱកាសនោះ​ សម្តេចអគ្គមហាពញាចក្រី ហេង​ សំរិន និងលោកជំទាវ បានប្រគេនបច្ច័យចំនួន១៥លានរៀលដល់វត្តគីរីសុវណ្ណរាម រួមជាមួយ ទេយ្យវត្ថុ​ និងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃ​ និងបានចែកជូននូវសម្ភា​រៈ​ និងថវិកាដល់លោកយាយលោកតាដែលបានអញ្ជើញចូលរួមផង ដែរ។

ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកនាពេលដ៏ខ្លីខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមជួយថែរក្សា អភិបាល ប្រោះព្រំ និងប្រទានពរជ័យ ដល់ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ បងប្អូនជនរួមជាតិគ្រប់ៗគ្នា ឱ្យទទួលបាននូវសិរីសួស្តី ជ័យមង្គល អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សេចក្តីសុខ និងសុភមង្គលគ្រប់ការ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន