ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាជាស្ត្រីលើកទី២៩ ខណៈចូលរួមមហាសន្និបាតលើកទី១៤០ IPU នៅប្រទេសកាតា
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាជាស្ត្រីលើកទី២៩ ខណៈចូលរួមមហាសន្និបាតលើកទី១៤០ IPU នៅប្រទេសកាតា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/6/2019 9:10:57 AM )

ខណៈអញ្ជើញចូលរួមមហាសន្និបាតលើកទី១៤០ របស់សហភាពអន្តរសភា (IPU) នៅក្នុងប្រទេសកាតា សមាជិកគណៈប្រតិភូសភាកម្ពុជា ដែលមាន​ លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា  និង ឯកឧត្តម​ សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា  បានចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាជាស្ត្រីលើកទី២៩ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំវេទិកាសមាជិកសភាស្រ្តី ជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំជាច្រើន នៅក្នុងមហាសន្និបាតរបស់សហភាពអន្តរសភា។ បើតាមគម្រោង នៅក្នុងមហាសន្និបាតប្រចំាឆ្នាំ(IPU)  ដែលកំពុងប្រារព្ធធ្វើនៅប្រទេសកាតា  នាឱកាសនេះ ដែលមានរយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃ១០  ខែមេសា ឆ្នាំ២០១៩នោះ គណៈប្រតិភូសភាកម្ពុជានឹងចូលរួមកិច្ចប្រជុំប្រមាណជា១៣។

ចំពោះកិច្ចប្រជុំវេទិកាសមាជិកសភាស្រ្តីលើកទី២៩នេះវិញ បានបែងចែកជា២ក្រុមគឺ ក្រុមទី១ ប្រជុំស្ដីពីការមិនទទួលយកការប្រើប្រាស់ទាហាន ស៊ីឈ្នួល ជាមធ្យោបាយនៃការធ្វើឱ្យខូចខាតដល់សន្តិភាព និងការរំលោភបំពានសិទ្ធិមនុស្ស។ ចំណែកក្រុមទីពីរ ពិភាក្សាលើតួនាទីនៃពាណិជ្ជកម្មសេរី ដោយស្មើភាព និងការវិនិយោគក្នុងការរួមចំណែកធ្វើឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាក់ទងនឹងសមធម៌ សេដ្ឋកិច្ច និរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហូបនីយកម្ម និងនាវានុវត្តភាព។  តំណាងសភាកម្ពុជាបានចូលរួមផ្ដល់មតិខ្លឹមសារជាមួយក្រុមទី២។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសភាកម្ពុជាបានចូលរួមមតិដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧% ក្នុងមួយឆ្នាំ និងការកាត់បន្ថយភាពក្រីក្រ១%ក្នុងមួយឆ្នាំ ដែលជាគោលដៅរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ជាតិ។

ជាមួយគ្នានេះ តំណាងសភាកម្ពុជាក៏បានចូលរួមពិភាក្សាលើភាពស្មើគ្នានៅកន្លែងធ្វើការ។ លោកជំទាវ បាន ស្រីមុំ បានលើកឡើងនៅក្នុងកិច្ចប្រជុំ នោះថា កម្ពុជាបានខិតខំប្រឹងប្រែងលើការផ្ដល់សមភាពយេនឌ័រ ដើម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ។ កម្ពុជាបានបញ្ជ្រាបយេនឌ័រនៅគ្រប់វិស័យ ពង្រីកសហគ្រិនភាពរបស់ស្ត្រី កាត់បន្ថយអំពើហិង្សា និងការរំលោភបំពាន ផ្លូវភេទ និងការពង្រឹងកិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី។

សូមជម្រាបថា ដោយទទូលបានការអនុញ្ញាតពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិសមនុស្ស ទទួលពាក្យបណ្តឹង អង្កេត នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភា​កម្ពុជាចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី១៤០ របស់IPU នាឱកាសនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន