ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លើកឡើងពីសារៈសំខាន់សុខសន្តិភាពក្នុងពិធីសម្ពោធឧបដ្ឋានសាលា នៅខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លើកឡើងពីសារៈសំខាន់សុខសន្តិភាពក្នុងពិធីសម្ពោធឧបដ្ឋានសាលា នៅខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/6/2019 7:22:50 AM )

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តសែនសិរី ហៅវត្តក្តីសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានលើកឡើងពីសារៈសំខាន់នៃសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ ថាជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ។ ជាក់ស្តែងដូចជាកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារប្រទេសជាតិមានសន្តិភាព និងស្ថិរភាពនយោបាយ ទើបជីវភាពពលរដ្ឋរីកចម្រើនជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមកសាងឡើងឥតឈប់ឈរ។

ជាមួយការលើកឡើងអំពីដំណើរវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជា ចាប់ពីការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ព្រឹត្តិការណ៍រដ្ឋប្រហារ ទម្លាក់សម្តេចព្រះនរោត្តមសីហនុ ការកើតឡើងនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងមហាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩នោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា ជ័យជន្នះ៧មករា ឆ្នាំ១៩៧៩ បាននាំមកនូវជីវិតទី២ជូនពលរដ្ឋ ហើយកម្ពុជាទទួលបានសន្តិភាព និងការអភិវឌ្ឍបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ។

មានប្រសាសន៍ទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណជាង២០០០នាក់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងពីយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី បានតម្រូវអោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ពិសេសផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយគុណភាព និងរហ័សទាន់ពេល។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ក៏បានជម្រាបពលរដ្ឋពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA ផងដែរ។ ឯកឧត្តមបណ្ឌិត បានលើកឡើង ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ច្បាស់ហើយថា ទោះបីកម្ពុជាមានឬមិនមានប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាមិនស្លាប់ នោះទេ។ សំខាន់កម្ពុជាត្រូវការការពារអធិបតេយ្យភាពរបស់ខ្លួន។

ក្នុងឱកាសចូលរួមពិធីបុណ្យដ៏សប្បាយរីករាយនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បាននាំនូវបច្ច័យប្រគេនព្រះសង្ឃ។ ជូនថវិកា និងសម្ភារៈមួយចំនួដល់ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ។

សូមបញ្ជាក់ថា ឧបដ្ឋានសាលាដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ បានចំណាយថវិកាសាងសង់អស់ជាង២១ម៉ឺនដុល្លារ ក្រោមការជួយ ឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងសប្បុរសជននានា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន