ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី៖ កម្ពុជាកំពុងប្រែក្លាយពីប្រទេសមានចំណូលមធ្យមកម្រិតទាប ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយចាប់យកកាលានុវត្តពីបដិវត្តឧស្សាហកម្មទី៤
លោកជំទាវ ឃួន សុដារី៖ កម្ពុជាកំពុងប្រែក្លាយពីប្រទេសមានចំណូលមធ្យមកម្រិតទាប ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយចាប់យកកាលានុវត្តពីបដិវត្តឧស្សាហកម្មទី៤
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/24/2019 7:29:58 AM )

លោកជំទាវ  ឃួន សុដារី បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងសិ្ថរភាពនយោបាយ និងសិ្ថរភាពសេដ្ឋកិច្ច កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ជាមធ្យម៧,៧%ក្នុងមួយឆ្នាំ ហើយបានប្រែក្លាយខ្លួនពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥ នឹងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកជំទាវបានលើកឡើងបែបនេះ នៅក្នុងពេលជំនួបពិភាក្សាស្វែងយល់ពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាមួយ ឯកឧត្តម ប៊ួយ ថេ  ហ្សូយ អនុរដ្ឋមន្រ្តី ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម នៅសួនវិទ្យាសាស្រ្តជាន់ខ្ពស់ Hoa Lac Hi-tech Park នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កំឡុងពេលដែលលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម។

លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍បន្តទៀតថា មិនត្រឹមតែកំណើនសេដ្ឋកិច្ចខ្ពស់នាពេលនេះ កម្ពុជាក៏បានផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ផងដែរ។ ជាការកត់សម្គាល់ គឺពីប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មជាស្នូល ទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ ឧស្សាហកម្ម និងសេវាកម្ម ដោយប្រើប្រាស់វិទ្យាសាស្រ្តទំនើប ព្រោះនេះជាកម្លាំងជម្រុញដ៏ខ្លាំងក្នុងការពន្លឿនកំណើនសេដ្ចកិច្ច។

ជាការពិតណាស់ សមិទ្ធផល និងមហិច្ឆតាដ៏ធំធេងខាងលើនេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ហើយដែលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចកំពុងកំណត់ទិសដៅ និងរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា។

លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍បន្ថែមថា ក្នុងនាមជាអ្នកតំណាងរាស្រ្ត ដែលជាតួនាទីមួយដ៏សំខាន់ ក៏ដូចជាក្នុងនាម ជាសមាជិក រដ្ឋសភា គឺយើងទាំងអស់គ្នាខិតខំប្រឹងប្រែងស្វែងរកចំណុចវិជ្ជមាននៃការវិវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងត្រៀមរាល់បណ្តាការគិតគូរផ្នែកផ្លូវច្បាប់ ដើម្បីធ្វើ យ៉ាងណាទប់ទល់នូវបញ្ហាឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (Cyber Crime)។

ឯកឧត្តម ប៊ួយ ថេ  ហ្សូយ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានមានប្រសាសន៍ឆ្លើយតបថា វៀតណាមត្រៀមខ្លួនជានិច្ចក្នុងការ សហការណ៍បន្តទៀតលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែម ទៀត។ ចំណែកឯគណៈកម្មការជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរដ្ឋសភាវៀតណាម ក៏បានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការនីតិកម្មលើការ គ្រប់គ្រង និងទប់ស្កាត់បទល្មើសប្រព័ន្ធបច្ចេកវិទ្យា។

គួរឲ្យកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាពយ៉ាងសំខាន់ បំផុតមួយ សម្រាប់ការអភិវឌ្ឍប្រទេស ដូចដែលមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ជាចុងក្រោយ លោកជំទាវ ឃួន សុដារី សង្ឃឹមថា ឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយយូរអង្វែងរវាងកម្ពុជា- វៀតណាមលើគ្រប់វិស័យ តាមរយៈការយកចិត្តទុកដាក់ និងជួយចែករំលែកនូវបទពិសោធន៍លើវិស័យបច្ចេកវិទ្យាទំនើប នឹងបម្រើបាននូវបុព្វហេតុ ក្នុងការជម្រុញកំណើនការអភិវឌ្ឍនៃប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន