ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ
អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/23/2019 8:25:15 AM )

នៅក្នុងជំនួបទ្វេភាគីនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភាវៀតណាម ឯកឧត្តម ឡេង  ប៉េងឡុង  អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន ហាញ់ហ្វុក អគ្គលេខាធិការ  និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានថ្លែងថា  កិច្ចប្រជុំនាពេលនេះគឺជាឱកាសមួយសម្រាប់ពិភាក្សាគ្នាលើការងាររដ្ឋបាល រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ទៅលើវិស័យមួយចំនួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានស្នើឱ្យមានការផ្លាស់ប្តូរបទពិសោធន៍រវាងអង្គភាពមួយចំនួនដូចជា វិស័យព័ត៌មានវិទ្យា ស្រាវជ្រាវ នីតិកម្ម គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព័ត៌មាន និងបណ្តុះបណ្តាលបកប្រែភាសាវៀតណាម។

ឯកឧត្តម ង្វៀន ហាញ់ហ្វុក មានសេចក្តីរីករាយដែលបានជួបជាមួយអគ្គលេខាធិការរដ្ឋសភាកម្ពុជា និងមន្រ្តីពាក់ព័ន្ធ ដែលបានមកផ្តល់នូវការផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក។ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលរដ្ឋសភាកម្ពុជាបានសម្រេច កន្លងមក ជាពិសេស ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែមករា កន្លងទៅនេះ ដែលទទួលបានជោគជ័យដ៏ធំធេង។

ចំពោះសំណើរបស់ភាគីកម្ពុជា ឯកឧត្តម ង្វៀន ហាញ់ហ្វុក បានឯកភាពផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញបកប្រែភាសាវៀតណាម និងស្នើឱ្យមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការងារនីតិកម្ម នៃរដ្ឋសភាប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន