ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង
គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/22/2019 7:40:49 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ង្វៀន វ៉ាន់ហ្គូ (Nguyen Van Giau) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងភាគីទំាងពីរ នៅរសៀលថ្ងៃទី២២ ខែមីនា  ឆ្នាំ២០១៩  នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ ខណៈដែល ឯកឧត្តម ឈាង វុន បានបំពេញទស្សនកិច្ច ផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកជំទាវ  ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ដោយមានការអនុញ្ញាតពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមសូមស្នើដល់ភាគីរដ្ឋសភាវៀតណាម ពង្រឹង  និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ លេីកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើភាគីវៀតណាម ពិនិត្យបន្ថែមលើសកម្មភាព ឬខ្លឹមសារ ណាដែលមានការខ្វះចន្លោះ។ ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាកម្ពុជា បានស្នើភាគីវៀតណាម យកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរឲ្យបានញឹកញាប់ និងនៅគ្រប់កម្រិត មានកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ កម្រិតគណៈកម្មការ ជំនាញ ក្រុមមិត្តភាព ក្រុមសមាជិករដ្ឋសភាវ័យក្មេង និក្រុមសមាជិករដ្ឋសភាជាស្រ្តីជាដើម។

ឯកឧត្តម ង្វៀន វ៉ាន់ហ្គូ បានគាំទ្រចំពោះការលើកឡើងរបស់ ឯកឧត្តម  ឈាង វុន ដោយបានគូសបញ្ជាក់បន្ថែមថា ការស្នេីពិនិត្យ និងកែសម្រួល ដេីម្បីបំពេញបន្ថែមនូវចំនុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀង រវាងរដ្ឋសភាប្រទេសទំាងពីរ ឯកឧត្តមនឹងពាំនាំជូនថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមពិនិត្យ ពិចារណាបន្ថែម។

ឯកឧត្តម ង្វៀន វ៉ាន់ហ្គូ បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក  ដែលសភា នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប កាលពីខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។ ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភា វៀតណាម ក៏បានស្នើដល់ភាគីកម្ពុជា ថែរក្សា និងជំរុញ និងផ្សព្វផ្សាយពីទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរដល់ យុវជនជំនាន់ក្រោយឲ្យបានទូលំទូលាយផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន