ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/22/2019 7:25:53 AM )

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីរវាង លោកជំទាវ ឃួន សុដារី ជាមួយ លោកជំទាវ តុង ធិហ្វុង គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បានចូល ជួបធ្វើសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម កំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវ ឃួន សុដារី បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានមហាមិត្តវៀតណាម ពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា-រដ្ឋសភា រាជរដ្ឋាភិបាល មាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវប្រធាន ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមនាយករដ្ឋមន្រ្តី និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់។

លោកជំទាវបានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងពីរកម្ពុជា-វៀតណាម​ លើផ្នែកនយោបាយការបរទេសសភា​ ការរៀបចំប្រជុំអាសិប និងអាសិម (ASEP,ASEM) ដែលប្រទេសវៀតណាមធ្លាប់បាន ធ្វើជាម្ចាស់ផ្ទះទទួលជោគជ័យកន្លងមក​ ព្រមទាំងចង់ស្វែងយល់ដោយផ្ទាល់ពីសន្ទុះរីកចំរើនឥតឈប់ឈរ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រជាជនសម្រេចបាន ជាពិសេសបន្តរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាព ភាតរភាព និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជាប្រពៃណីរវាង ប្រជាជាតិយើងទាំងពីរឲ្យបានគង់វង្ស រឹងមាំជាអមតៈ នឹងប្រែក្លាយប្រទេសយើងទាំងពីរជាដៃគូយុទ្ធសាស្ត្រសម្រាប់ថ្ងៃអនាគត។

លោកជំទាវបានមានប្រសាសន៍បន្តថា ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរលង់ និងជាប្រពៃណីរវាងប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ត្រូវបានពង្រឹងពង្រីកយ៉ាងរឹងមាំឡើងថែមទៀតតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋរវាងសភានៃប្រទេសយើងទាំងពីរ។

ព្រមជាមួយគ្នានេះផងដែរ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងនូវចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានទទួលគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នាពេលនេះ ក៏ដូចជាអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា មានជាអាទិ៍​ ដំណើរការបោះឆ្នោត សាកលឆ្នាំ២០១៨ និងកិច្ចប្រជុំAPPF កាលពីដើមឆ្នាំ២០១៩។ លោកជំទាវប្រធានរដ្ឋសភាវៀតណាម បានបន្តមានប្រសាសន៍ថា ប្រទេសយើង ទាំងពីរ កម្ពុជា-វៀតណាម ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដូច្នេះយើងទាំងអស់គ្នាត្រូវខំរក្សានូវទំនាក់ទំនងរបស់យើងឲ្យកាន់តែល្អប្រសើរ លើគ្រប់វិស័យ ដើម្បីឈានទៅរកការអភិវឌ្ឍរីកចម្រើន ដែលរដ្ឋសភានៃប្រទេសទាំងពីរ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការពង្រឹងកិច្ចសហប្រតិ- បត្តិការនេះ។

លោកជំទាវ ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាន ផ្តល់កិត្តិយសអញ្ជើញចូលរួម និងផ្តល់នូវសុន្ទរកថានៅក្នុងកិច្ចប្រជុំសភាស្រ្តី ដែលប្រព្រឹត្តទៅជាលើកដំបូង និងជាប្រវត្តិសាស្រ្តនៅក្នុងកិច្ចប្រជុំAPPF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនោះ។ ជាទីមោទនៈភាពបន្ថែមទៅទៀតនោះ គឺការអញ្ជើញទៅទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមដំណើរដោយថ្នាក់ដឹកនាំ កំពូលៗនៃសភា និងរដ្ឋាភិបាលវៀតណាម កាលពីខែកុម្ភៈ កន្លងទៅថ្មីៗនេះ ហើយដែលប្រទេសកម្ពុជា ជាប្រទេសទី១ ដែល ឯកឧត្តម ង្វៀន ភូជុង បំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់តាំងពីឡើងកាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាចុងក្រោយ តាងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឃួន សុដារី បានគោរព អញ្ជើញ លោកជំទាវ ង្វៀន ធិគិម​ងិន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំASEP ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០​ ខាងមុខនេះ កុំបីខាន៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន