ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ
លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/22/2019 4:13:47 AM )

លោកជំទាវ​ ឃួន សុដារី បានមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនាពេលនេះ នឹងបានរួមចំណែកថែមទៀតក្នុងការបន្ត ពូនជ្រំ​ ពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានផ្លែផ្កា ពិតប្រាកដ នៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ដោយផ្អែកលើមូលដ្ឋានលិខិតុបករណ៍ អនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាដោយរដ្ឋសភានៃប្រទេសទាំងពីរ។

លោកជំទាវ​ ឃួន សុដារី បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ តុង ធិហ្វុង (Tong Thi Phong) អនុប្រធាន រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី២២​ ខែមីនា នៅរដ្ឋសភា​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវបានបន្តមានប្រសាសន៍​ជម្រាបជូនអំពីគោលបំណង​ នៃការបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ​ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-វៀតណាម​ ក្នុងនោះរួមមានការផ្លាស់ប្តូរបទពិសោធន៍ ផ្នែកនយោបាយការបរទេសសភា ក៏ដូចជាការស្នើសុំឲ្យភាគីវៀតណាមចែករំលែកនូវបទពិសោធន៍ក្នុងការរៀបចំប្រជុំអាសិប និងអាសិម (ASEP, ASEM)​ ​ដែលប្រទេសវៀតណាមធ្លាប់បានធ្វើជាម្ចាស់ផ្ទះទទួលជោគជ័យកន្លងមក​ ហើយដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ខាងមុខ នេះ។ បន្ថែមទៅទៀតនោះ​ គឺចង់ស្វែងយល់ដោយផ្ទាល់ពីសន្ទុះរីកចំរើនដោយឥតឈប់ឈរនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រជាជន សម្រេចបាន។​ ជាពិសេសបន្តរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាព ភាតរភាព និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជាប្រពៃណីរវាងប្រជាជាតិ យើងទាំងពីរឲ្យបានគង់វង្សរឹងមាំជាអមតៈ នឹងប្រែក្លាយប្រទេសយើងទាំងពីរជាដៃគូយុទ្ធសាស្ត្រសម្រាប់ថ្ងៃអនាគត។

លោកជំទាវ ឃួន សុដារី​ ក៏បានលើកឡើងផងដែរ​អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម​ ដែលផ្តើមចេញពីការតភ្ជាប់ ទំនាក់ទំនងការទូតកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ និងត្រូវបានផ្តាច់ក្នុងឆ្នាំ១៩៧០ ហើយត្រូវបានតភ្ជាប់ឡើងវិញនៅខែមករា​ឆ្នាំ១៩៧៩មក ប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្ត និងបំណងប្រាថ្នារួម ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ បាននឹងកំពុងបន្តរីកចម្រើនឥតឈប់ឈរ រួមចំណែកដល់សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។

ជាការពិតណាស់ ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យរយៈពេល៤០ឆ្នាំកន្លងទៅរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងបក្ស និងបក្ស រដ្ឋាភិបាល និងរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបានឡើយ។

គួរឲ្យកត់សម្គាល់ លោកជំទាវ តុង ធិហ្វុង បានអបអរសាទរ​ និងវាយតម្លៃខ្ពស់ដល់ព្រះរាជាណាចក្រកម្ពុជា​ ដែលបានរៀបចំប្រកបដោយជោគជ័យ នូវការបោះឆ្នោតសាកល​នីតិកាលទី៦ កាលពីឆ្នាំ២០១៨​ ហើយក៏សូមអបអរសាទរផងដែរដែលសភាកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំ APPF កាលពីដើមឆ្នាំ​២០១៩ កន្លងទៅថ្មីៗនេះ។

លោកជំទាវ តុង ធិហ្វុង ក៏បានថ្លែងអំណរគុណ​ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេសកម្ពុជា-វៀតណាម កិច្ចសហប្រតិបត្តិការរវាង គណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសទាំងពីរ ក៏ដូចជាស្ថានទូតនៃប្រទេសទាំងពីរ ដែលបានរួមចំណែកតភា្ជប់ឲ្យមានដំណើរទស្សនកិច្ចជា ផ្លូវការ​ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានាពេលនេះ។

លោកជំទាវ តុង ធិហ្វុង​ បានមានប្រសាសន៍បន្ថែម​អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាជាស្រ្តីនៃប្រទេសទាំងពីរ ដោយគ្រោង នឹងរៀបចំឲ្យមានជាដំណើរទស្សនកិច្ចជាផ្លូវការរបស់ក្រុមសភាជាតិជាស្រ្តី​នៃប្រទេសទាំងពីរ​ ឬរៀបចំឲ្យមានសិក្ខាសាលា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិកជាស្រ្តីនៃរដ្ឋសភាកម្ពុជា-វៀតណាម។

ជាចុងក្រោយ លោកជំទាវ តុង ធិហ្វុង បានលើកសរសើរគណៈប្រតិភូរដ្ឋសភាកម្ពុជានាពេលនេះ គឺពិតជាមានកិត្តិយស​ និងមោទនៈភាពជាទីបំផុត ដោយដំណើរទស្សនកិច្ចនាពេលនេះ មានសមាជិករដ្ឋសភាជាស្រ្តីជាច្រើនរូបបានអញ្ជើញមក ដែលនេះជាបទពិសោធន៍ដ៏ល្អមួយសម្រាប់រដ្ឋសភា វៀតណាម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន