ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី បានចាកចេញពីមាតុប្រទេសទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី បានចាកចេញពីមាតុប្រទេសទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/21/2019 6:43:09 AM )

តបតាមការអញ្ជើញរបស់ លោកជំទាវ តុង ធិហ្វុង(Tong Thi Phong) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានធ្វើដំណើរចាកចេញពីមាតុប្រទេស ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម  រយៈពេល៥ថ្ងៃ  ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសវៀតណាមនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  ពិសេសរវាងរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងកំឡុងដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ហើយក៏មានជំនួបទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរ  ដែលមានដូចជា គ្រោងជួបសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ តុង ធិហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ជាមួយគ្នានេះ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ហ្សូវ (Nguyen Van Giau) ប្រធាន គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា វៀតណាមឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា គ្រោងជួបពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន ហាញ់ហ្វុក អគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម ផងដែរ។

ក្រៅពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញទៅទស្សនាតំបន់កសិឧស្សាហកម្ម VinEco Farm ខេត្ត Ha Nam និងទស្សនាតំបន់ប្រវត្តិសាស្រ្ត នៅខេត្តនិនប៊ិញ(Ninh Binh) ទៀតផង មុននឹងធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នោះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន