ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការយុត្តិធម៌រដ្ឋសភា ស្នើក្រសួងយុត្តិធម៌ពន្លឿនការកាត់ក្តី កុំឲ្យសំណុំរឿងកកស្ទះ
គណៈកម្មការយុត្តិធម៌រដ្ឋសភា ស្នើក្រសួងយុត្តិធម៌ពន្លឿនការកាត់ក្តី កុំឲ្យសំណុំរឿងកកស្ទះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/21/2019 3:02:26 AM )

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជំរុញឲ្យក្រសួងយុត្តិធម៌ ធ្វើយ៉ាងណាឲ្យតុលាការពន្លឿនការកាត់ក្តី ដើម្បីកុំឲ្យសំណុំរឿងកកស្ទះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និងសហការី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ដើម្បីស្វែងយល់ពីការងារមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។ ជាមួយការលើកឡើងនូវសំណើ ដូចខាងលើនេះ គណៈកម្មការជំនាញរដ្ឋសភា បានកោតសរសើរចំពោះសមិទ្ធផលការងាររបស់ក្រសួងយុត្តិធម៌បានសម្រេចនៅក្នុងនីតិកាលទី៥ រដ្ឋសភា។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភា ពីការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល និងការកសាងផែនការលើការងារតាក់តែងច្បាប់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កន្លងមកក្រសួងបានកសាងច្បាប់គោលសំខាន់ៗចំនួន៤ មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី។ ហើយថ្មីៗនេះ ក៏បានរៀបចំច្បាប់ធំៗ៣ទៀត គឺច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌មានទិសដៅ បង្កើនការគ្រប់គ្រងការងារយុត្តិធម៌ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងសង្គម ជាតិ។  ក្រសួងបានបណ្តុះបណ្តាលជំនាញបន្ថែមដល់ចៅក្រម ព្រះរាជអាជ្ញា នៅតាមសាលាដំបូង ខេត្ត រាជធានី ។ ឯកឧត្តម អង្គ វង្សវឌ្ឍានា បានគូសបញ្ជាក់ថា នៅក្នុងនីតិកាលទី៥ ក្រសួងយុត្តិធម៌បានអនុវត្តការងារទទួលបានលទ្ធផលជាច្រើន ហើយនៅក្នុងនីតិកាលទី៦នេះទៀត ក្រសួងនឹង អនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបន្ត ដោយនៅក្នុងនោះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាពមួយ។ ក្រសួងនឹងការរៀបចំ ក្រុមការងារ ដើម្បីផ្តល់យោបល់ប្រឹក្សាផ្នែកច្បាប់ដល់សាធារណជនតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដូចជា FaceBook និង Website ជាដើម។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានថ្លែងការកោតសរសើរចំពោះលទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ ការបង្កើនការយល់ដឹង និងលើកកម្ពស់ការអនុវត្តច្បាប់ ការកែទម្រង់ប្រព័ន្ធតុលាការ និងការពង្រឹងលើកកម្ពស់យន្តការ នៃការដោះស្រាយនូវរាល់បញ្ហា នានា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន