ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាប្រជុំពិភាក្សា និងអនុម័តរបៀបវារៈចំនួន៥
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាប្រជុំពិភាក្សា និងអនុម័តរបៀបវារៈចំនួន៥
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/20/2019 11:10:37 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន៥។ បន្ទាប់ពីបានពិភាក្សាតាមនីតិវិធីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័ត ដែលមានលទ្ធផលដូចខាងក្រោម៖

១-អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំប្រកាសទទួលស្គាល់ លោកជំទាវ គឹម សុវណ្ណា ជាតំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ប៉ា សុជាតិវង្ស ដែលបានសុំលាលែង។ ការប្រកាសសុពលភាពនៃអាណត្តិរបស់ លោកជំទាវ គឹម សុវណ្ណា ជាសមាជិក រដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។

២-អង្គប្រជុំបានអនុម័តយល់ព្រមជ្រើសតំាង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខធ្វើការបោះឆ្នោតជ្រើសតាំង។

៣-អង្គប្រជុំបានអនុម័តយល់ព្រមជ្រើសតំាង ឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខធ្វើការបោះឆ្នោតជ្រើសតាំង។

៤-អង្គប្រជុំបានអនុម័តយល់ព្រមទទួលយកបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិថ្មី ឆ្នាំ(២០១៩-២០២៨) ចំនួនមួយរូប ដើម្បីដាក់ជូន សម័យប្រជុំរដ្ឋសភានាពេលខាងមុខ ធ្វើការបោះឆ្នោតជ្រើសតំាង។

៥-អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការបញ្ចូលសកម្មភាពរដ្ឋសភាបន្ថែម រហូតដល់ថ្ងៃបើក សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន