ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ
អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/19/2019 7:48:31 AM )

នៅពេលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ដែលបានចុះសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការមកទទួលសេវាសុខភាពពីហិរញ្ញប្បទាន សុខាភិបាលដោយសមធម៌ បានលើកស្ទួយជីវភាពពលរដ្ឋអោយប្រសើរឡើង។ ឯកឧត្តមបន្តថា តាមរយៈមូលនិធិសមធម៌ និងបេឡាជាតិ របបសន្តិសុខសង្គមនេះ បានកំពុងលើកកម្ពស់ជីវភាព និងសុខុមាលភាពពលរដ្ឋអោយប្រសើរឡើងជាលំដាប់។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានអោយដឹងថា នៅក្នុងឆ្នាំ២០១៨កន្លងមក កម្មវិធីសមធម៌ក្នុងខេត្ត បានបម្រើជូនប្រជាជនក្រីក្របានចំនួន ៥៥៩៦ករណី។

បើតាមឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានមន្ទីរពេទ្យបង្អែកចំនួន០១កន្លែង មណ្ឌលសុខភាព១៥កន្លែង និងប៉ុស្តិ៍សុខភាពមានចំនួន០៣កន្លែង មានបុគ្គលិកសុខាភិបាលចំនួន៤០៧នាក់ ឱសថស្ថាន និងឱសថស្ថានរងសរុបមានចំនួន៣៦កន្លែង សេវាសុខាភិបាលឯកជនមានចំនួន៥៦កន្លែង។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម យន្ត មីន និងប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងបេសកកម្មសិក្សាស្វែងយល់វិស័យសុខាភិបាល និងការងារផ្សេងៗទៀត ដែលជាបន្ទុករបស់គណៈកម្មការ នៅក្នុងខេត្តជាប់សមុទ្រ មួយនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន ក៏បានជម្រាបគណៈប្រតិភូរដ្ឋសភា អំពីសមិទ្ធផលការងារដែលអាជ្ញាធរខេត្ត និងមន្ទីរនានាសម្រេចបាន ក្នុងអាណត្តិទី៥កន្លងមកផងដែរ។  ឯកឧត្តមបានបញ្ជាក់ថា កំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យរបស់រាជរដ្ឋាភិបាល បានកំពុងមានប្រសិទ្ធភាពនៅក្នុង ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងប្រព័ន្ធយុត្តិធម៌ សមធម៌ក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ កំណែទម្រង់នេះ ទទួលបានការកោតសរសើរពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកជំទាវ ឡោក ខេង បានសាទរសមិទ្ធផលដែលខេត្តព្រះសីហនុសម្រេចបាន។ លោកជំទាវបានជំរុញអាជ្ញាធរខេត្ត បន្តផ្សព្វផ្សាយពី អត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ(បសស)ដល់កម្មករ កម្មការិនី អោយបានយល់ដឹង និងប្រើប្រាស់សេវានេះអោយបានគ្រប់ៗគ្នា ស្របតាម ការគិតគូរ និងយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ចំពោះជីវភាព និងសុខុមាលភាពរបស់ពលរដ្ឋនោះ។

លោកជំទាវក៏បានផ្តាំផ្ញើដល់អាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះការទុកដាក់ និងបំផ្លាញកាកសំណល់វេជ្ជសាស្រ្ត អោយបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរួចមក គណ:ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានចុះទៅពិនិត្យមើលការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងមណ្ឌលសុខភាពរាម ព្រមទាំងបានជួបសំណេះសំណាលស្វែងយល់ពីស្ថានភាពការងារ និងសុខទុក្ខកម្មករ កម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន