ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល
ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 12:39:57 AM )

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាខែមករា​ ឆ្នាំ២០១៩ ខាងមុខនេះ។

នៅក្នុងដំណើរបំពេញបេសកកម្មនាថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០១៨នេះ ឯកឧត្តម ហ៊ុន ណេង និងសហការី បានជួបពិភាក្សាការងារជាមួយអាជ្ញាធរ ខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ព្រមទាំងនាយកដ្ឋានអង្គរក្សនៃអគ្គស្នងការនគរបាលជាតិ ដើម្បីពិភាក្សាលើ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដល់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អោយដំណើរការទៅដោយរលូន និងសុវត្ថិភាព។

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅលើទឹកដីអង្គរខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ គណៈប្រតិភូដែលជាប្រធានសភា ឬតំណាងនៃប្រទេសជាសមាជិកAPPF នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។ វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF មានសមាជិក២៧ប្រទេស។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សភាកម្ពុជាបានបង្កើត គណៈកម្មការរៀបចំមួយ ដោយមានអនុគណៈកម្មការទទួលបន្ទុកតាមវិស័យផ្សេងៗគ្នាមួយចំនួន ដូចជា អនុគណៈកម្មការទទួលបន្ទុកសន្តិសុខ ជាដើម។

ជាអ្នកទទួលបន្ទុកកិច្ចការសន្តិសុខ ឯកឧត្តម ហ៊ុន ណេង បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ក្នុង ការផ្តល់សុវត្ថិភាពជូនគណៈប្រតិភូដែលនឹងចូលរួមកិច្ចប្រជុំនេះ ព្រមទាំងក្តាប់សភាពការណ៍ឱ្យបានច្បាស់លាស់ដូចមានក្នុងផែនការការពារ។

ឯកឧត្តម បានផ្តាំផ្ញើថាកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាឱ្យបានល្អ ហើយដោះស្រាយរាល់បញ្ហាដែលកើតឡើង ត្រូវមានទំនាក់ទំនង ជាមួយគ្នាជាប្រចាំ។

ឯកឧត្តម ហ៊ុន ណេង បានលើកឡើងថា ព្រឹត្តិការណ៍នេះជាកិត្តិយស និងជាមុខមាត់របស់កម្ពុជាទាំងមូល។ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អាជ្ញាធរពាក់ព័ន្ធហើយ ឯកឧត្តម ហ៊ុន ណេង និងសហការី បានចុះទៅពិនិត្យទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន