ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន ៖ គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព​ ដើម្បីទទួលបាននូវការអភិវឌ្ឍ
លោកជំទាវ និន សាផុន ៖ គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព​ ដើម្បីទទួលបាននូវការអភិវឌ្ឍ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/2/2019 7:23:30 AM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានថ្លែងថា គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព​ ដើម្បីទទួលបាននូវការអភិវឌ្ឍ។ ព្រោះឈរលើមូលដ្ឋានសុខសន្តិភាព កម្ពុជាមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវបានថ្លែងបែបនេះជម្រាបជូន ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ និងប្រធានមន្ទីរពាក់ព័ន្ធ ខណៈលោកជំទាវដឹកនាំ គណៈប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភា​ ចុះសិក្សាស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្ត តាកែវ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកជំទាវ និន សាផុន បានមានប្រសាសន៍លើកឡើងទៀតថា សុខសន្តិភាព បានបង្កបរិយាកាសល្អសម្រាប់ការអភិវឌ្ឍ និងការកសាងសមិទ្ធផល នានានៅទូទាំងប្រទេស។ ជាក់ស្ដែងសមិទ្ធផលជាច្រើនដែលលោកជំទាវ​ និងគណៈប្រតិភូបានឃើញនៅក្នុងខេត្តតាកែវនេះជាដើម គឺសុទ្ធតែបាន កើតឡើងនៅក្នុងដំណាក់កាលដែលប្រទេសមានសុខសន្តិភាព ព្រមជាមួយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ​បានធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោកជំទាវបន្តថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​បានរស់នៅ​យ៉ាង​សុខដុមរមនា ក្នុង​សន្តិភាព សេរីភាព និង​សន្តិសុខ​ដ៏​ប្រសើរ ហើយ​កំពុងតែ​រួម​សាមគ្គី​គ្នា​ឈានទៅ​មុខលើ​មាគ៌ា​នៃ​ការអភិវឌ្ឍន៍​ ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៧% ជាប់ៗគ្នានៅក្នុងបណ្ដាឆ្នាំកន្លងមក។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានមានប្រសាសន៍ថា ផ្អែក​តាម​យុទ្ធសាស្ត្រ​ចតុកោណ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ដែលមាន ​សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ រដ្ឋបាល​ខេត្ត​តាកែវបាន​កសាងសមិទ្ធផល​ដ៏​ធំធេងលើ​គ្រប់​វិស័យ និង​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​​​​ ឯកឧត្តមបន្ត​ថា ​ការអភិវឌ្ឍន៍លើ​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ទូទាំង​ខេត្តកន្លងទៅនេះ កងកម្លាំង​គ្រប់​ប្រភេទខិតខំ​ថែរក្សា​ការពារ​សុវត្ថិភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពកក់ក្តៅ ហើយការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិតកាន់តែ​មាន​ជីវភាព​ធូរធារ។ ចំណែកការបម្រើ​សេវា​សាធារណៈជូនប្រជាពលរដ្ឋ ខេត្ត​ក៏បាន​ខិតខំលើ​ក កម្ពស់​ការយកចិត្តទុកដាក់ធ្វើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា មាន​ផ្លូវថ្នល់ ស្ពាន លូ​ប្រឡាយទឹក មណ្ឌល​សុខភាព សាលារៀន និង​ទឹក​ស្អាត​ជាដើម​ ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានជំរុញ និងចុះធ្វើការអប់រំដល់ប្រជាពលរដ្ឋក្នុងខេត្តចូលរួម គោរពច្បាប់ចរាចរទាំងអស់គ្នា ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។ ធ្វើដំណើរលើដងផ្លូវមិនត្រូវមានការធ្វេសប្រហែស ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ចៀសវាងការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែងក្នុងស្ថានភាព គ្រោះថ្នាក់ និងការប្រើទូរស័ព្ទដៃពេលកំពុងបើកបរ ជាដើម។

លោកជំទាវ និន សាផុន បានថ្លែងកោតសរសើរការអភិវឌ្ឍរីកចម្រើនរបស់ខេត្តតាកែវ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីពាក់ព័ន្ធ ដែលបាន ខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ពិសេសលើការងារសាធារណការ និងដឹកជញ្ជូន ដែលជាវិស័យសំខាន់ ក្នុងការកាត់បន្ថយការខូចខាត ទ្រព្យសម្បត្តិ ការរងរបួស និងការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរ។ លោកជំទាវបានលើកទឹកចិត្តចំពោះអាជ្ញាធរ ខេត្ត ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តទំាងអស់​ បន្តខិតខំបំពេញភារកិច្ចផ្តល់សេវាសាធារណជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព ដើម្បី ឆ្លើយតបចំពោះការទុកចិត្តរបស់ពួកគាត់មកលើរាជរដ្ឋាភិបាល៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន