ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការអប់រំរដ្ឋសភា ជំរុញអាជ្ញាធរ និង មន្ទីរពាក់ព័ន្ធខេត្តកណ្តាល សហការគ្នាបម្រើពលរដ្ឋ
ប្រធានគណៈកម្មការអប់រំរដ្ឋសភា ជំរុញអាជ្ញាធរ និង មន្ទីរពាក់ព័ន្ធខេត្តកណ្តាល សហការគ្នាបម្រើពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/2/2019 6:34:07 AM )

អត្រាសិស្សានុសិស្សនៅខេត្តកណ្តាលមានចំនួនកើនឡើង ហើយគុណភាពសិក្សារបស់សិស្សក៏បានល្អប្រសើរដែរ។ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៨កន្លងទៅ​ សិស្សប្រឡងជាប់ មានចំនួន ៧៣.៦៥% ក្នុងនោះសិស្សជាប់និទ្ទេសA ចំនួន២៦នាក់ និទ្ទេសB ២០១នាក់ និន្ទេសC ៥០២នាក់ និទ្ទេសD ១,៣៣៥នាក់ និងនិទ្ទេសE ចំនួន ៤,៣១៦នាក់។

នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តកណ្តាលជម្រាបជូនគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ ដែលបានដឹកនាំសមាជិកសមាជិកាចុះសិក្សាស្វែងយល់ការងារដែល គណៈកម្មការទទួលបន្ទុកនៅក្នុងខេត្តកណ្តាល។

ក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគូសបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាបានកំពុងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ បានកែទម្រង់ស៊ីជម្រៅ ដើម្បីកសាងធនធានយុវជនដែលជាទំពាំងស្នងឬស្សី។

ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងថា​ ក្រោមម្លប់សន្តិភាព និងការយកចិត្តទុកដាក់ពីប្រមុខដឹកនាំកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ។

សូមជម្រាបថា គណៈកម្មការជំនាញរបស់រដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា​នដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ម៉ានី បានចុះបំពេញបេសកកម្ម នៅខេត្តកណ្តាល ដើម្បីសិក្សាស្វែងយល់ពី សមិទ្ធផលនានា ដែលខេត្តសម្រេចបាន និងទិសដៅបន្ត។ គណៈកម្មការរដ្ឋសភាក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំ ខិតខំបំពេញការងារបន្ថែមបន្តទៀត ជាពិសេសខិតខំដោះស្រាយរាល់បញ្ហាប្រឈម ដែលជួបប្រទះឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ប្រធានគណៈកម្មការក៏បានសំណូមពរ អោយប្រធានមន្ទីរពាក់ព័ន្ធវិស័យការងារ វប្បធម៌ ទេសចរណ៍ អប់រំ ជាដើមនោះ រួមសហការគ្នា អោយបានល្អបន្ថែមទៀត ដើម្បីសម្រេចលទ្ធផលកាន់ល្អប្រសើរក្នុងបម្រើប្រជាពលរដ្ឋ។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន