ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកដីអង្គរ ខេត្តសៀមរាប
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកដីអង្គរ ខេត្តសៀមរាប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/14/2019 9:52:07 PM )

វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស បានបើកកិច្ចប្រជុំលើកទី២៧ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAPPF លើកទី២៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយមានវត្តមានគណៈប្រតិភូសភាសមាជិកAPPF ចំនួន២១ប្រទេស គណៈប្រតិភូអ្នកសង្កេតការណ៍ សមាជិកព្រឹទ្ធ​សភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយ ចីរភាពព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានផ្ញើព្រះរាជសារចូលរួមអបអរសាទរចំពោះកិច្ចប្រជុំនេះដែរ។ ព្រះអង្គបានមាន ព្រះរាជបន្ទូលក្នុងព្រះសារថា កិច្ចប្រជុំនេះ គឺជាពេលវេលាដ៏ល្អមួយ ដែលAPPF ជួបជុំគ្នា ដើម្បីត្រិះរិះពិចារណានូវបទពិសោធន៍ទាំងឡាយកន្លងមក ព្រមទាំងប្រមើលមើលនូវនិន្នាការធំៗ ដែលនឹងមានឥទ្ធិពលចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងធ្វើការរំពឹងទុកចំពោះមធ្យោបាយរួមនានាទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះនៃសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព។ ក្នុងនាមពលរដ្ឋខ្មែរ ព្រះករុណាព្រះមហាក្សត្រ បានស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូទាំងអស់ ដែលបានមានវត្តមានលើទឹកដីអង្គរដ៏ស្រស់បវររបស់កម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសុទិដ្ឋិនិយមថា កិច្ចប្រជុំក្រោមមូលបទ ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាគឺជាឱកាសដ៏ល្អមួយទៀត ​​ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងលើកកម្ពស់សន្តិសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងសកលលោកតាមរយៈការចូលរួមអនុម័ត​សេចក្ដី​សម្រេចនានា ឆ្លើយតាមបំណងប្រាថ្នារួមរបស់សភាជាសមាជិក។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់APPF ធ្វើឲ្យមានការផ្លាស់ប្តូរទស្សនទានគ្នា ទៅវិញទៅមកក្នុងចក្ខុវិស័យវែងឆ្ងាយសម្រាប់ជាគោលមាគ៌ា ​ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹងការវិវឌ្ឍ នៃសភាពការណ៍សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ ​នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ដទៃ ដែលមិនមែនជាតិសាសន៍ ខ្លួនឯង និងការបណ្ដុះបណ្ដាលឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នា ខាងភូមិសាស្ត្រនយោបាយ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាបណ្តុំសភាធំមួយដែលមានចក្ខុវិស័យកសាងសុខសន្តិភាព និង​ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ វេទិកានេះ បានបង្កើតនៅក្នុងឆ្នាំ១៩៩៣នៅប្រទេសជប៉ុន ដែលបច្ចុប្បន្នមានសមាជិកចំនួន២៧ប្រទេស។

ជាមួយការគំាទ្រកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកនាឱកាសនេះ ថាជាយន្តការមួយដើម្បីកសាងសុខសន្តិភាពប្រកបដោយចីរភាព សម្តេចអគ្គមហា-​សេនាបតីតេជោ ហ៊ុន សែន បានជម្រាបគណៈប្រតិភូAPPFថា កម្ពុជាជាប្រទេសមួយដែលកាលពី៤០ឆ្នាំមុនជាវាលពិឃាត។ ហើយនៅក្នុង ប្រវត្តិសាស្រ្ត៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានរដ្ឋាភិបាលមួយក្នុងប្រទេសមួយទេ។ អតីតកាលកម្ពុជា យ៉ាងហោចណាស់មានពីរតំបន់ក្នុងប្រទេស មួយ។ ការគ្រប់គ្រងពីរក្នុងប្រទេសតែមួយ ហើយមានពេលខ្លះមានតំបន់គ្រប់គ្រងដល់ទៅ៤ក្នុងប្រទេសតែមួយ។

ប្រទេសកម្ពុជាបានរំដោះចេញពីរបបប៉ុលពតកាលពីថ្ងៃ៧មករាឆ្នាំ១៩៧៩ ហើយចាប់ពីឆ្នាំ១៩៩៨មកទេ ដែលកម្ពុជាទទួលបានសុខសន្តិភាព ពិតប្រាកដ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ១៩៩៨ កម្ពុជាបានក្លាយជាប្រទេសមួយ ដែលមានព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងការគ្រប់គ្រងតែមួយ។ សម្តេចបានគូសបញ្ជាក់ មានតែសន្តិភាពដែលអាចឲ្យយើងមានលទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសជាតិបាន។

បន្ទាប់ពីបានឆ្លងកាត់សង្រ្គាម កម្ពុជាបានកំពុងប្រែក្លាយពីប្រទេសពឹងលើវិស័យកសិកម្ម ទៅជាប្រទេសពឹងលើខាងឧស្សាហកម្ម និងសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម៧% នៅក្នុងរយៈពេលចុងក្រោយនេះ។ ភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ហើយនៅពេលនេះ សល់តែប្រមាណ១០%ប៉ុណ្ណោះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញឲ្យ APPF រួមគ្នាគោរពតួនាទីអង្គការសហប្រជាជាតិ អាស៊ាន ហើយប្រកាន់ភ្ជាប់នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីបំពេញតួនាទីដ៏សំខាន់បម្រើប្រជាពលរដ្ឋជារួម។

នៅក្នុងពិធីបើកកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក៏បានផ្តល់ឱកាស ជូនគណៈប្រតិភូបរទេសឡើងមានចំណាប់អារម្មណ៍ផងដែរ។ ឯកឧត្តម​​តាគូជិ យ៉ាណាជីម៉ូតុ គណៈប្រតិភូរដ្ឋសភាប្រទេសជប៉ុន បានឡើងធ្វើចំណាប់អារម្មណ៍ក្នុងនាមតំណាងប្រធានកិត្តិយស នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក។ លោកជំទាវ  Nguyen Thi Kim Ngan ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានឡើងធ្វើចំណាប់អារម្មណ៍ក្នុងនាមជា ប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF លើកទី២៦ កាលពីឆ្នាំ២០១៨។​

ក្នុងនាមគ្រួសារ APPF តែមួយ ឯកឧត្តម តាគូជិ យ៉ាណាជីម៉ូតុ និង Nguyen Thi Kim Nganបានកោតសរសើរពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់តួនាទី APPF ហើយតាមរយៈកិច្ចប្រជុំនាឱកាសនេះ នឹងធ្វើឲ្យ APPFមានប្រសិទ្ធភាពកាន់តែច្រើនក្នុងដំណើឆ្ពោះទៅការកសាង សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែក សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានលើកឡើងក្នុងកិច្ចប្រជុំលើកទី២៧ នាឱកាសនេះ ជាជោគជ័យមួយនៃវិស័យ ការទូតសភា។ តាមរយៈការទូតសភាដ៏សកម្ម មានបំណង និងគោលដៅរួមគ្នា ចង់ឃើញពិភពលោកមួយមានសន្តិភាព សន្តិសុខ និងចង់បាន កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស្មោះត្រង់ គោរពគ្នាទៅវិញទៅមក និងចេះថែរក្សាផលប្រយោជន៍ទៅវិញទៅមកយូរអង្វែង។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ក្នុងន័យនេះ សភាកម្ពុជាសូមលើកទឹកចិត្តឲ្យបង្កើនការសន្ទនា ដោយស្មារតីសហប្រតិបត្តិការ ទាំងក្នុង ក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិ​បត្តិ ព្រមទាំងតួអង្គពាក់ព័ន្ធនានា លើបញ្ហាសន្តិសុខ អន្តោប្រវេសន៍ បញ្ហាជម្លោះពាណិជ្ជកម្ម និង​បញ្ហាផ្សេងៗទៀត លើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងតាមរយៈយន្តការដែលមានស្រាប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា អាស៊ី-ប៉ាស៊ីហ្វិកមិនគ្រាន់តែជាតំបន់ដែលមានពហុជាតិសាសន៍ ជំនឿសាសនានិងមានភាពផ្សេងៗគ្នា នៃអារ្យធម៌រុងរឿងដ៏យូរលង់ប៉ុណ្ណោះទេតែក៏ជាតំបន់មានសុខសន្តិភាព និងមានការរីកចម្រើន ​ផលិតកម្មដ៏ធំទូលាយ ទីផ្សារធំ និងជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលនៅក្នុងសកលលោក ដែលជាប្រភពចំណូលដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចប្រធានAPPF បានគូសបញ្ជាក់ថា “ព្រឹត្តិការណ៍ថ្ងៃនេះ​ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់យើងទាំងអស់គ្នា ធ្វើសំយោគនូវទស្សនទានប្រកប ដោយវិចារណញ្ញាណ បណ្តុះចក្ខុវិស័យវែងឆ្ងាយសម្រាប់ជាគោលមាគ៌ា ​ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹង ការវិវឌ្ឍនៃសភាពការណ៍សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ ​នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ដទៃ ដែលមិនមែន ជាតិសាសន៍ខ្លួនឯង និងការបណ្ដុះបណ្ដាលឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នាខាងភូមិសាស្ត្រនយោបាយ” ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន