ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/14/2019 8:48:00 PM )

ក្នុងនាមប្រធានលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈពេល២៧ឆ្នាំមកនេះ APPFបាននាំមកនូវសមិទ្ធផលជាច្រើន ដែលជាមោទនភាពស្តែងចេញពីសកម្មភាព និងឧត្តមគតិ APPFទាំង​អស់ ហើយសមិទ្ធផលទំាងនោះ បានបង្ហាញឲ្យឃើញ​នូវសុខដុមនីយកម្ម នៃ​ប្រជាជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក ទាំងមូល។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ មិនត្រឹមតែ​បង្ហាញពីសាមគ្គីភាព មិត្តភាព ឯកភាព និងកិច្ចសហ​ប្រតិបត្តិការនៅក្នុងរង្វង់គ្រួសារ​​APPF ​ប៉ុណ្ណោះ​​​ទេ តែជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំ​ស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបង្កើតចក្ខុវិស័យច្បាស់​លាស់​មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់​មនុស្ស ជំនាន់ក្រោយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានលើកឡើងបែបនេះ នៅក្នុងឱកាសសម្តេចទទួលបានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូ ប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ប្រទេសសង្កេតការណ៍ និងអង្គការ​ដៃគូ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំ​ប្រចំាឆ្នាំAPPFចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា និងសាលសន្និសីទ នាខេត្តសៀមរាប។

វេទិកាសភាអាស៊ីប៉ា-ស៊ីហ្វិក បានបង្កើតនៅឆ្នាំ១៩៩៣ ក្នុងប្រទេសជប៉ុន ដែលរហូតមកដល់ពេលនេះ មានសមាជិកចំនួន២៧ប្រទេស។ សភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមា​ជិកមួយរបស់ APPF បានកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភានេះនៅលើទឹកដីអង្គរ ខេត្តសៀម​រាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

ក្នុងនាមសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែង​សេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង​កក់​ក្តៅ ចំពោះវត្តមានដ៏ថ្លៃថ្លា របស់សមាជិកAPPFដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ​។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា វត្តមានរបស់គ្រួសារAPPFនៅលើទឹកដីអង្គរនាឱកាសនេះ បានផ្តល់​កិត្តិយស និងលើកទឹក​ចិត្តដល់សភា កម្ពុជា ក្នុងការ​រៀប​ចំកិច្ចប្រជុំប្រចាំឆ្នាំពេលនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអ​ធម និងការរួម​វិភាគទានដ៏មាន​តម្លៃ ក្នុង​ការពង្រឹងប្រសិទ្ធភាព នៃការពិភាក្សាស្វែង​រកដំណោះស្រាយ​រួមរបស់តំបន់ ជាពិសេសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់គ្រួសារAPPF៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន