ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា
សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/14/2019 9:49:07 AM )

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ ដើម្បីស្វាគមន៍គណៈប្រតិភូ ភ្ញៀវ​ជាតិ អន្តរជាតិ ដែលអញ្ជើញ​មកចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំនៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នៅលើទឹកដីអង្គរខេត្តសៀមរាប នៃព្រះរាជាណា​​ចក្រកម្ពុជា សម្ដេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានមានប្រសាសន៍ថា ការជួប​ជុំ​គ្នា​នារាត្រីនេះ មិន​​ត្រឹមតែបង្ហាញពីការបន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​​នៃស្ថាប័ននីតិប្បញ្ញត្តិ ក្នុងតំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​របស់​យើង​ប៉ុណ្ណោះទេ ថែមទាំងជា​ឱកាស​​​​បង្ហាញ​ដល់ពិភពលោកនូវតួនាទី​ដ៏​សំខាន់​របស់(APPF) ក្នុងការចែករំលែក​នូវ​តម្លៃទស្សនៈឧត្តមគតិ និង​គោល​បំណងរួ​ម ​​ក្នុងការកសាង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​​​ឱ្យ​ទៅជាតំបន់មួយ​ដែលមាន​សុខ​សន្តិភាព ស្ថិរភាព​ វឌ្ឍនភាព និងភាពសុខដុមរមនា​។

ថ្លែងនៅក្នុងពិធីលៀងសាយភោជន៍ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារសុខាសៀមរាប នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចប្រធាន បានមានប្រសាសន៍បន្ថែមថា សភាកម្ពុជាមានមោទនភាព ដែលទទួលបាននូវទំនុកចិត្ត និងការគាំទ្រពីសភាសមាជិក(APPF) ​ប្រទេសសង្កេតការណ៍ ​និងអង្គការដៃគូ​ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ ហើយសង្ឃឹមថា ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រតិភូ ទាំងអស់ នឹងធ្វើឱ្យ​​កិច្ចប្រជុំ​ដែល​កំពុង​​ប្រព្រឹត្តិទៅនៅមាតុភូមិអង្គរ ដែលមាន​ប្រវត្តិរាប់​ពាន់​ឆ្នាំមកហើយនោះទទួលបានជោគជ័យ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិ(APPF) ដែលបានចូលរួមយ៉ាងសកម្មក្នុង ការពិភាក្សា និងអនុម័ត ជាឯ​កច្ឆន្ទនូវរបៀបវារៈ និងកម្មវិធីការងារ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ និងជាពិសេសការគាំទ្រដល់សភាអូស្រ្តាលីក្នុងការ ធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីកម្ពុជា។

សម្ដេចក៏បានបង្ហាញនូវមោទនភាព និងការពេញចិត្តចំពោះសមិទ្ធផលនានាដែល (APPF) សម្រេចបានក្នុងរយៈពេល២៧ឆ្នាំ​កន្លងមក ដែលបានដើរ តួនាទីកាន់តែសំខាន់ ក្នុងគោលដៅរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ​ដោយផ្តោតសំខាន់លើបញ្ហានយោបាយ សន្តិភាព សន្តិសុខ ស្ថិរភាព សេដ្ឋកិច្ច សង្គម បរិស្ថាន ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអប់រំ វប្បធម៌ និងការអភិវឌ្ឍជាមូលដ្ឋាន។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន