ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/14/2019 3:06:50 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក កិច្ចប្រជុំសមាជិកសភាស្រ្តីAPPF នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកពីសារៈសំខាន់របស់ស្រ្តីនៅក្នុងសង្គម ប៉ុន្តែសម្តេចបានលើកឡើងថា ដោយសារការរីកចម្រើនខ្លំាងខាងបច្ចេកវិទ្យា សកម្មភាពជ្រុលនិយម ការប្រកាន់ពូជសាសន៍ជាដើម បានក្លាយជាឧបសគ្គដល់ការងារខិតខំប្រឹងប្រែង លើកកម្ពស់ស្រ្តី និងកុមារ។ សម្តេចបានលើកឡើងថា ស្ថិតក្នុងស្ថានការណ៍សកលលោកបែបនេះ ទាមទារឲ្យAPPFត្រូវតែបន្តផ្តោតអារម្មណ៍ និងបង្កើនកិច្ចសហការប្រឹងប្រែងរបស់យើងទ្វេរដងច្រើនឡើងថែមទៀត ដើម្បីសម្រេចឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សកលលោក និងសម្រចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ គួរបង្កើតឱ្យមានយន្តការតាមដាន វាយតម្លៃ និងរៀនសូត្រអំពី សមភាពយេនឌ័រ នៅក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់តាមដានពីការអនុវត្តសេចក្តីសម្រេចស្តីពីការផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាព យេនឌ័រ និងផ្តល់ការគំាទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស គោលដៅទី៥។

នៅក្នុងឱកាសនោះ សម្តេចបានផ្តល់អនុសាសន៍មួយចំនូនដល់កិច្ចប្រជុំដើម្បីពិចារណា ដែលមាន ដូចជា ទី១-គួរបង្កើតឱ្យមានក្រុមការងារសម្រាប់ សិក្សាអំពីផលប៉ះពាល់ នៃបដិវត្តន៍ឧស្សាហកម្ម ទី៤-ជាពិសេសផលប៉ះពាល់មកលើស្រ្តី និងក្មេងស្រី និងរៀបចំបង្កើតយុទ្ធសាស្រ្តមួយ ដែលផ្តល់ លទ្ធភាពឱ្យស្រ្តី អាចផ្លាស់ប្តូរស្ថានភាពរបស់ខ្លួនទៅតាមបដិវត្តន៍ ឧស្សាហកម្ម និងទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទំាងនោះ។ ទី២-ត្រូវបង្កើតឱ្យមានគោលនយោបាយអប់រំប្រកបដោយចីរភាព និងទូលំទូលាយ និងត្រូវបែងចែកថវិការដ្ឋឱ្យបានច្រើនសម្រាប់ជំរុញការអប់រំស្រី្ត វ័យក្មេង នៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(ស្ទែម)។ ការអប់រំជាឧបករណ៍ស្នូលប្រកបដោយថាមពលខ្លំាងក្លា ដែលអាច ផ្តល់លទ្ធភាព និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីទូទៅ ដើម្បីសម្រេចឱ្យបាននូវសក្តានុពលរបស់ខ្លួន។ ទី៣-សូមបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសការអប់រំមូលដ្ឋានសម្រាប់ក្មេងស្រី ដែលរស់នៅតំបន់ដាច់ស្រយាល និងក្មេងស្រីងាយរងគ្រោះ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសកលលោក។ ទី៤-រាល់ប្រព័ន្ធគាំពារសង្គមទាំងអស់ គួរបង្កើនមូលនិធិ និងការយកចិត្តទុកដាក់សម្រាប់ស្រ្តី និងក្មេងស្រី និងជាពិសេសជនដែលរងគ្រោះដោយប្រធានសក្តិផ្សេងៗ ។

សូមជម្រាបថា កិច្ចប្រជុំសមាជិកសភាស្រ្តីAPPF ជាកិច្ចប្រជុំមួយក្នុងចំណោមវិស័យនានាដែលកិច្ចប្រជុំប្រចាំឆ្នាំ APPFលើកទី២៧ ត្រូវលើកមកជជែក ពិភាក្សាដែលមានដូចជា វិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ជាដើម។ បន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ប្រកាសបើកកិច្ចប្រជុំសមាជិកសភាស្រ្តី APPF រួចហើយ កិច្ចប្រជុំនេះ បានបន្តពិភាក្សាទៀត ក្រោមការដឹកនាំកិច្ចប្រជុំ ដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តីAPPF

កិច្ចប្រជុំសមាជិកសភាស្រ្តី APPF បានធ្វើការពិភាក្សាលើប្រធានបទចំនួនបី មាន ប្រធានបទទី១ ការពង្រឹងភាពជាដៃគូនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រធានបទទី២ ការធានា នូវសមភាពរវាងស្ត្រី និងបុរស ឲ្យទទួលបានការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីសន្តិភាព និងសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រធានទី៣ គឺលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើនការ ចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

កិច្ចប្រជុំក្រោមការដឹកនាំរបស់ លោកជំទាវ ឃួន សុដារី បានពិភាក្សាលើប្រធានបទចំនួន៣ ដោយបានពិភាក្សាមួយម្តងៗ ដោយបានផ្តល់ឱកាស ប្រទេសសមាជិកចូលរួមបញ្ចេញមតិយ៉ាងផុលផុស។

លោកជំទាវ ឃួន សុដារី បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី២៧នេះ កិច្ចប្រជុំសមាជិកសភាស្រ្តី បានទទួលសេចក្តីព្រាងសេចក្តីសម្រេច ចំនួនបីពីប្រតិភូសភាកម្ពុជា សេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ ពីសហព័ន្ធរុស្សី សេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយ ពីប្រទេសឈីលី សេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយពីប្រទេសអូស្ត្រាលី សេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយពីប្រទេសម៉ាឡេស៊ី។ សេចក្តីព្រាងសេចក្តីសម្រេច ទំាងនេះ នឹងត្រូវលើកយកទៅជជែកបន្តទៀតនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងនៅថ្ងៃបន្តបន្ទាប់ទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន