លោកជំទាវ ឃួន សុដារីអនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ទទួលជួបធ្វើសវនាការ និងសម្តែងការគួរសមជាមួយនឹងគណៈប្រតិភូនៃសភាឌូម៉ាសហព័ន្ធរុស្ស៊ី ដឹកនាំដោយ លោកជំទាវ អូហ្កា អេពីហ្វាណូវ៉ា (OLGA EPIFANOVA)អនុប្រធានសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកជំទាវ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទឹកដីអង្គរព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍ថា សភាកម្ពុជាមានកិត្តិយសណាស់ ដែលបានធ្វើជាអ្នករៀបចំកិច្ចប្រជុំសមាជិកសភាស្ត្រីនៃAPPF ជាលើកដំបូងដែលកិច្ចប្រជុំសមាជិកសភាស្រ្តីនេះ ត្រូវបានសម្រេចឲ្យមានជាផ្លូវការនៅក្នុងសេចក្តីសម្រេចAPPF លើកទី២៦ កាលពីឆ្នាំមុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម។
សូមជម្រាបផងដែរថា សម្រាប់វេទិកានាពេលនេះ មានការរៀបចំកិច្ចប្រជុំលើ៣វិស័យ ហើយដែលនៅក្នុងនោះ កិច្ចប្រជុំសភាស្រ្តីប្រធានបទរបស់ ក្រុមការងារទទួលបន្ទុកកិច្ចប្រជុំសមាជិកសភាស្ត្រីមាន៖
១-ពង្រឹងភាពជាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តី និងកុមារី ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
២-ធានាការផ្ដល់សមភាពរវាងស្ត្រី និងបុរស ក្នុងវិស័យអប់រំ វិជ្ជាជីវៈ បច្ចេកទេស និងព័ត៌មានវិទ្យា ដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
៣-លើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។
ក្នុងឱកាសនោះដែរ លោកជំទាវ ឃួន សុដារី ក៏បានលើកឡើងពីប្រវត្តិ និងទំនាក់ទំនង យ៉ាងជិតស្និតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី ដោយឈរលើគោលការណ៍សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជានិច្ចជាកាលតែងតែជួយគ្នាទៅវិញទៅមកហើយ លោកជំទាវ សូមអោយជម្រុញកិច្ចទំនាក់ទំនងដែលមានស្រាប់នេះ អោយកាន់តែប្រសើរឡើងថែមទៀត ពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។
ជាការឆ្លើយតប លោកជំទាវ អូហ្កា អេពីហ្វាណូវ៉ា បានថ្លែងអំណរគុណ ជូនចំពោះ លោកជំទាវ ឃួន សុដារី ដែលបានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រទេសក៏ដូចជាសភាទំាងពីរ ហើយលោកជំទាវបានសន្យាថា នឹងពាំនាំអនុសាសន៍ដ៏ល្អនៅក្នុងជំនួបនេះ ទៅជម្រាបជូន ថ្នាក់ដឹកនាំសភាឌូម៉ា នៃសហព័ន្ធរុស្សីផងដែរ។
ជាទីបញ្ចប់ លោកជំទាវ អូហ្កា អេពីហ្វាណូវ៉ា (OLGA EPIFANOVA) អនុប្រធានសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី បានធ្វើការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសភាកម្ពុជាដែលបានខិតខំរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី២៧ នេះ និងសូមជូនពរឲ្យកិច្ចប្រជុំឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន




