ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)
គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/12/2019 11:49:07 PM )

កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ដំណើរការចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

រហូតមកដល់រសៀលថ្ងៃទី១៣​ ខែមករានេះ គណៈប្រតិ​ភូដែលជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នៃបណ្តាប្រទេសជាសមាជិកវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំនេះ  បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាជាបណ្តើរៗហើយ។

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានឲ្យដឹងថា ប្រទេសចំនួន២១ប្រទេស នឹងមកចូលរួមក្នុង កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាពេលនេះ។

ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាដ៏ធំមួយនៅក្នុងតំបន់នេះ សភាកម្ពុជាមានប្រតិទិនការងារច្បាស់លាស់ ដោយបានបែងចែកក្រុមការងារ ទទួលបន្ទុកតាមវិស័យចំនួន៤ មាន វិស័យសមាជិកសភាស្ត្រី វិស័យនយោបាយនិងសន្តិសុខ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិស័យកិច្ចសហប្រតិ- បត្តិការក្នុងតំបន់ ដើម្បីធ្វើការជ្រើសរើសប្រធានបទ សិក្សាស្រាវជ្រាវចងក្រងឯកសារ និងរៀបចំខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចតាមវិស័យ នីមួយៗ បានរួចរាល់អស់ហើយ។

ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០នាទីតទៅ ដោយមានសុន្ទរក​ថាគន្លឹះ នៅពេលបើកកម្មវិធី ពីថ្នាក់ដឹកនាំកំពូលៗរបស់ ជាតិ និងអន្តរជាតិ ជាច្រើនរូប។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្នAPPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះតែងតែមានកិច្ចប្រជុំប្រចំាឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិកផ្លាស់វេន គ្នាធ្វើជាប្រធាន៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន