ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកAPPF ២២ប្រទេស ដែលមានគណៈប្រតិភូបរទេសជាង២០០នាក់ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៅខេត្តសៀមរាប នាពាក់កណ្តាលខែមករានេះ
សមាជិកAPPF ២២ប្រទេស ដែលមានគណៈប្រតិភូបរទេសជាង២០០នាក់ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៅខេត្តសៀមរាប នាពាក់កណ្តាលខែមករានេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/1/2019 10:08:26 PM )

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកា​ស​ភា​អាស៊ី-ប៉ាស៊ីហ្វិក (APPF) នាពាក់កណ្តាល ខែមករា ឆ្នាំ២០១៩។ យោងតាមលទ្ធផលការងារដែលបានបង្ហាញនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សមាជិកសភាចំនួន ២២ប្រទេស នៃវេទិកា​ស​ភា​អាស៊ី-ប៉ាស៊ីហ្វិក ដោយរាប់បញ្ចូលទំាងសភាកម្ពុជាជាម្ចាស់ផ្ទះផងនោះ នឹងចូលរួមកិច្ចប្រជុំប្រចំានេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧ APPFនេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់​ភាគី​ពាក់ព័ន្ធដែលមានដូចជា អនុគណៈកម្មការទាំង៥ នៃគណៈកម្មការរៀបចំ ក្រុមការងារទទួលបន្ទុកខ្លឹមសារតាមវិស័យនីមួយៗ តំណាងពីក្រសួងពាក់ព័ន្ធ និងវិទ្យាស្ថានសភាកម្ពុជា ព្រមទាំងក្រុមការងារ លេខាធិការដ្ឋានជាតិAPPF ជាដើម។

ឯកឧត្តម ឡេង ប៉េងឡុង ប្រធានលេខាធិការដ្ឋានជាតិ APPF និងជា​អគ្គលេ​ខា​ធិការរដ្ឋសភា បានរាយការណ៍ជូនកិច្ចប្រជុំថា រហូតមកដល់ពេលនេះ ការងារជា​ច្រើន​បាន​សម្រេច​រួចរាល់ ដោយរង់
ចំាតែថ្ងៃអនុវត្តមកដល់ប៉ុណ្ណោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមាជិកAPPFចំនួន២១ប្រទេស ដោយ​មានសមាសភាពគណៈប្រតិភូប្រមាណចំនួន២៣៩នាក់ បានបញ្ជាក់​ជាផ្លូវ​ការថា នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំAPPF ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ។ ចំនួនប្រទេស និង​សមាសភាពចូលរួមនេះ មិន​រាប់​បញ្ចូល​សមាសភាពមកពីសភា​ប្រទេសកម្ពុជា​ដែលជាម្ចាស់​ផ្ទះ​នោះទេ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliam​e​n​tary Forum” បានបង្កើតឡើងនៅទីក្រុង តូក្យូ ក្នុងឆ្នាំ១៩៩៣។ APPF មានសមាជិកពេញសិទ្ធិចំនួន២៧​ប្រទេស។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧APPF នឹងរៀបចំធ្វើនៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀម​រាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃ​គូសភា ដើម្បី​សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើដល់ក្រុមការងារខិតខំបំពេញភារកិច្ចឲ្យបានម៉ត់ចត់ រហូតដល់ភារកិច្ចរបស់សភាកម្ពុជាបានបញ្ចប់ ពោលគឺ រហូតដល់កិច្ចប្រជុំលើកទី២៧APPFបញ្ចប់​ដំណើរការទៅដោយរលូន។ ប្រធានគណៈកម្មការរៀបចំ បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំAPPFលើកទី២៧ ជាព្រឹត្តិការណ៍បង្ហាញពីកិត្តិយស និងជាមុខមាត់របស់កម្ពុជាទាំងមូល ក្នុងការចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍរបស់ ពិភពលោក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន