ប្រធានគណៈកម្មការជំនាញរដ្ឋសភា ទទួលបន្ទុកវិស័យសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា លោកជំទាវ និន សាផុន បានជម្រាប ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថា ដើម្បីប្រែក្លាយកម្ពុជាឈានទៅរកសេដ្ឋកិច្ចឌីជីថល ចាំបាច់ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកជំទាវ និន សាផុន បានដឹកនាំសមាជិកសមាជិកាចុះសិក្សាស្វែងយល់ពីវិស័យការងារ ដែល គណៈកម្មការទទួលបន្ទុក ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងតែម្តង។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគំាទ្រការលើកឡើងរបស់ លោកជំទាវ និន សាផុន និងបានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ជាខ្លាំងនូវអ្វីដែលលោកជំទាវបានលើកឡើង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបប្រធានគណៈកម្មការជំនាញរដ្ឋសភាថា នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាល ទី៤ ក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ ក្រសួងនឹងបំពេញកាតព្វកិច្ចឲ្យខ្លំាងក្លាក្នុងការផ្តល់សេវាប្រៃសណីយ៍ និងទូរគមនាគមន៍យ៉ាងល្អជូនប្រជាពលរដ្ឋ ដោយខិតខំស្វែងរកទុនវិនិយោគទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យទូរគមនាគមន៍ឲ្យកាន់តែទំនើប ទាន់សម័យ ទាំងចល័ត និងអចល័ត ជាពិសេសសេវាទូរស័ព្ទចល័ត និងអុីនធឺណិត។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានបំពាក់សេវាកម្មបច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជាប្រព័ន្ធ3G និង4G ដែលអាចឲ្យអ្នក ប្រើប្រាស់ទូរស័ព្ទប្រភេទ Smart Phone ប្រើកម្មវិធីបណ្ដាញសង្គមនានាបានយ៉ាងទូលំទូលាយ ហើយសេវាកម្មបច្ចេកវិទ្យានេះ បានកំពុងលើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង មានភាពទាន់សម័យ និងងាយស្រួល។
លោកជំទាវ និន សាផុន បានទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ លោកជំទាវ បានគូសបញ្ជាក់ថា កម្ពុជាបាននឹងកំពុងអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មិនចាញ់ប្រទេសនានាក្នុងពិភពលោកនោះទេ។ កម្ពុជា សម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិចម្បងៗដូចជា ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០២០ គោលនយោបាយអភិវឌ្ឍន៍ វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០២០ ច្បាប់ទូរគមនាគមន៍ និងបទប្បញ្ញត្តិ ពាក់ព័ន្ធមួយ ចំនួនទៀត។
ជំនួបពិភាក្សាការងាររវាងគណៈកម្មការជំនាញរដ្ឋសភា ទទួលបន្ទុកវិស័យសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តោតជាសំខាន់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ស្របតាម យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន





