ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមក្នុងសន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី នៅចក្រភពអង់គ្លេស
លោកជំទាវ ឃួន សុដារី ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមក្នុងសន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី នៅចក្រភពអង់គ្លេស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/9/2018 5:53:44 AM )

លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំ គណៈប្រតិភូសភាកម្ពុជាចូលរួមក្នុង “សន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី” ក្រោមប្រធានបទ “ការពង្រឹងទស្សនៈវិស័យ ឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពស្រ្តី” នៅសភាវេសមិនស្ទើ (Westminster) នាទីក្រុងឡុង ចក្រភពអង់គ្លេស។

សន្និសីទនេះមានការចូលរួមពីសមាជិកសភាជាស្រ្តីចំនួន ១២១រូប មកពី១០០ប្រទេស នៃទ្វីបទំាង៥។ ក្នុងចំណោមសមាជិកចូលរួមទាំងនោះ មាន សមាសភាពជាប្រធានសភា១រូប និងអនុប្រធានសភា ៨រូប។

មុនចាប់ផ្តើមសម័យប្រជុំពេញអង្គ សន្និសីទបានរៀបចំពិធីអបអរសាទរខួប១០០ឆ្នាំ (ឆ្នាំ១៩១៨-២០១៨) នៃការបោះឆ្នោតជ្រើសរើសសមាជិកសភា ជាស្រ្តីនៃចក្រភពអង់គ្លេសក្រោមអធិបតីភាព លោកជំទាវ ផេននី ម៉ដូន (Penny Mordaunt) ជាអនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ និងជារដ្ឋមន្រ្តី ក្រសួងស្រ្តីនិងសមភាព និង លោកជំទាវ ហារៀត ហាមម៉ាន់ (Harriet Harman) សមាជិការដ្ឋសភាអង់គ្លេស ដោយលោកជំទាវ ទាំងពីរបាន គូសបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីជាលើកទី១នៅក្នុងសភាជាតិ ជាព្រឹត្តិការណ៍នយោបាយមួយជាប្រវត្តិសាស្រ្ត នៃការផ្លាស់ប្តូរស្ថានភាពរបស់ស្រ្តី នៃចក្រភពអង់គ្លេស ពីស្រ្តីគ្រាន់តែ ជាប្រពន្ធ ជាម្តាយ ជាមេផ្ទះ មកជាស្រ្តី ដែលចូលរួមក្នុងវិស័យនយោបាយ ជាពិសេស ជាសមាជិកាសភា។

ការចូលរួមកាន់តែច្រើនរបស់ស្រ្តីនៅក្នុងសភា បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់សង្គម និងប្រទេសជាតិ មានដូចជាចូលរួមលើកស្ទួយ ស្ថានភាពស្រ្តី ការដោះស្រាយបញ្ហាប្រឈមនានា បញ្ហាវិសមភាពរវាងបុរសនិងស្រ្តីក្នុងវិស័យការងារ, បញ្ហាអំពើហិង្សាលើស្រ្តី, បញ្ហារំលោភបំពានលើ ស្រ្តី និងឈានឆ្ពោះទៅដល់ការផ្តល់ភាពអង់អាចដល់ស្រ្តីលើគ្រប់វិស័យ។

អង្គសន្និសីទក៏បានធ្វើការអំពាវនាវដល់សមាជិកទាំងអស់ ឲ្យរួមគ្នាក្នុងយុទ្ធនាការស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្រ្តី និងបុរសបានចូល រួមដោយស្មើភាពគ្នា ក្នុងការអភិវឌ្ឍន៍សង្គមគ្រប់កាលៈទេសៈ។

នៅក្នុងសម័យប្រជុំពេញអង្គរបស់សន្និសីទ វាគ្មិនបានធ្វើបទបង្ហាញពីបញ្ហាទាំងឡាយពាក់ព័ន្ធប្រធានបទចំនួន៤ សម្រាប់ការបើកផ្លូវដល់កិច្ចពិភាក្សា តាមក្រុមនីមួយៗ មានដូចជា៖
១- កិច្ចប្រជុំស្តីពីការផ្តល់ភាពអង់អាចដល់ស្រ្តីជាថ្នាក់ដឹកនាំ
២- កិច្ចប្រជុំស្តីពីការលើកកម្ពស់ភាពអង់អាច និងស្រ្តីជាអ្នកដឹកនាំក្នុងវិស័យសេដ្ឋកិច្ច
៣- កិច្ចប្រជុំស្តីពីការធ្វើយ៉ាងណាឲ្យស្រ្តីកាន់តែច្រើន ចង់ចូលធ្វើជាសមាជិកសភា
៤- កិច្ចប្រជុំស្តីពីការបញ្ចប់អំពើហឹង្សា រំលោភបំពានលើស្រ្តី តាមប្រព័ន្ធអ៊ីនធើណែត។

ក្នុងការចូលរួមយោបល់ក្នុងកិច្ចប្រជុំទាំងនោះ លោកជំទាវ ឃួន សុដារី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការលើកស្ទួយ សមភាពយេនឌ័រ ដែលជា កត្តាគន្លឹះដើ្បម្បីដោះស្រាយបញ្ហាប្រឈម ឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពស្រ្តី ឲ្យចូលរួមក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ដើម្បី ឈានទៅរកការអភិវឌ្ឍន័ប្រកបដោយចីរភាព។ ជាក់ស្តែងស្រ្តីរួមចំណែកការងារមានកម្រៃក្នុងវិស័យកសិកម្ម មានប្រមាណ៤៩% វិស័យឧស្សាហកម្ម មានប្រមាណ៤៦% និងវិស័យសេវាកម្ម មានប្រមាណ៣៦%។ នៅក្នុងឆ្នាំ២០១៤ កំលាំងពលកម្មនៅកម្ពុជាមានប្រហែល ៨៣% ក្នុងនោះ ៧៨%ជាស្រ្តី និងបុរសមាន ៨៨% ។ ចំពោះឆ្នាំ២០១៦ ឃើញថាមានការកើនឡើងនៅកំលាំងពលកម្មនៅកម្ពុជា មានប្រហែល ៨៤% ក្នុងនោះ ៧៩%ជាស្រ្តី និងបុរសមាន ៨៩%។

ការកើនឡើងនូវសមាសភាពស្រ្តី ក្នុងដំណែងបោះឆ្នោត និងជ្រើសតាំងនៅគ្រប់កម្រិត បើគិតក្នុងអំឡុងពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះគឺ៖
- ក្នុងនីតិកាលទី៤ នៃព្រឹទ្ធសភា (ឆ្នាំ២០១៧) សមាជិកជាស្រ្តី មាន ចំនួន ១១រូប ស្មើនឹង១៧,៧%

- ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ( ឆ្នាំ២០១៨) សមាជិកជាស្រ្តី មានចំនួន២៥រូប ស្មើនឹង២0% ក្នុងនោះមាន ស្រ្តី ១រូប ជាអនុប្រធានទី២នៃរដ្ឋសភា ២រូបជាប្រធានគណៈកម្មការជំនាញ និង៤រូបជាអនុប្រធានគណៈកម្មការជំនាញ ក្នុងចំណោមគណៈកម្មការជំនាញទាំង១០។

-សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ២៣២៣រូប ស្មើនឹង២០% ដែលក្នុងនោះមានស្រ្តី ១៣០រូប ជាមេឃុំ ចៅសង្កាត់។

អង្គសន្និសីទបានបញ្ចប់ដោយទទួលបានជោគជ័យគួរជាទីមោទនៈ ដោយគណៈប្រតិភូទាំងអស់ សុទ្ធតែបានសំដែងនូវការអបអរសាទរ និងបានលើក សំណូមពរ ឲ្យមានការរៀបចំសន្និសីទរបៀបនេះជារៀងរាល់ឆ្នាំ តាមរបៀបឆ្លាស់គ្នា តាមបណ្តាប្រទេសនៃទ្វីបនីមួយៗ។

ក្រៅពីការចូលរួមក្នុងសន្និសីទនេះ លោកជំទាវ ឃួន សុដារី ប្រធានគណៈប្រតិភូសភាកម្ពុជា បានឆ្លៀតឱកាសជួបសំណេះសំណាល សំដែងការ គួរសម និងពិភាក្សាការងារ ជាមួយសមាជិកសភាស្រ្តី នៃបណ្តាប្រទេសនានា ជាពិសេសបានជួបជាមួយ លោកជំទាវ ផេននី ម៉ដូន (Penny Mordaunt), និងប្រធានសភាបង់ក្លាដេស (Dr. Shirin Sharmin) ព្រមទាំងអនុប្រធានសភានេប៉ាល់ (Dr. Shiva Maya Tumbahangphe) ជាដើម។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន