ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា និងគណៈកម្មាធិការច្បាប់ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ជួបពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នា
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា និងគណៈកម្មាធិការច្បាប់ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ជួបពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/8/2018 3:05:58 AM )

គណៈប្រតិភូគណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់សភាតំណាងប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម លី ហ្វី ប្រធានគណៈកម្មាធិការ បានកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ហើយនៅព្រឹកថ្ងៃទី៨ ​ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារច្បាប់ទៅវិញទៅមក។

ឯកឧត្តម លី ហ្វី ប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា បេសកកម្មនៅកម្ពុជានាពេលនេះ ជាផ្នែក​សំខាន់មួយក្នុងការជំរុញអ្នកវិនិយោគទុនចិនមក កម្ពុជាបន្ថែមទៀត ដោយហេតុថា នៅពេលសភាប្រជាជនចិន យល់​ដឹងពីច្បាប់កម្ពុជា និងធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគទុនចិនបន្តទៀត។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានជម្រាបគណៈប្រតិភូ ពីច្បាប់កំពូលរបស់កម្ពុជាគឺរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ ដែលបានតាក់តែង និងអនុម័តនៅឆ្នាំ ១៩៩៣ និងបានជម្រាបពីដំណើរសន្ដិភាពនៅកម្ពុជា ពិសេសការបញ្ចប់សង្រ្គាមទំាងស្រុងរវាងខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ របស់ សម្តេច ហ៊ុន សែន

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាបានធ្វើវិសោធនកម្មចំនួន៩លើក ដើម្បី​ឆ្លើយតបទៅនឹងការរីកចម្រើនរបស់ សង្គមកម្ពុជា។ ចំណែករដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ជាច្រើននៅក្នុងរយៈពេល៥អាណត្តិមកនេះ ក្នុងនោះក៏មានច្បាប់ស្តីពីវិនិយោគនៃព្រះរាជា- ណាចក្រកម្ពុជាផងដែរ ដែលបានគិតគូរ និងការពារដល់ផលប្រយោជន៍អ្នកវិនិយោគទុនបរទេសនៅកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន បានបកស្រាយនូវសំណួររបស់គណៈប្រតិភូ ពាក់ព័ន្ធនឹងការអនុវត្តរដ្ឋធម្មនុញ្ញ ការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការពិនិត្យធម្មនុញ្ញភាពនៃច្បាប់។

ភាគីទំាងពីរបានលើកឡើងពីចំណងមិត្តភាពកម្ពុជា និងចិន ដែលកំពុងមានការរីកចម្រើនជាលំដាប់ ដែលបានឈានដល់“កិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូរ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ”។ នៅក្នុងរយៈកាលចុងក្រោយនេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដែលជាសញ្ញាដ៏វិជ្ជមានប្រាប់ទៅដល់អ្នកវិនិយោគ និងប្រជាជនប្រទេសទំាង​ពីរ ឲ្យកាន់ជឿជាក់ និងទុកចិត្តគ្នា ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានវាយតំលៃខ្ពស់ ចំពោះគំនិតផ្តួច​ផ្តើមរបស់​ប្រទេសចិន ស្តីពីគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយ គោលនយោបាយនេះ បានជំរុញ និងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​ផ្តល់ផលប្រយោជន៍រវាងប្រទេសទំាងពីរ និងបានជួយ ទាក់ទាញវិនិយោគិន និងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរ​ណ៍ មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ឯកឧត្តម លី ហ្វី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និងសហការី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារដោយបើកទូលាយជាមួយគណៈប្រតិភូ។ ឯកឧត្តមសង្ឃឹមថា គណៈកម្មការ នៃសភាប្រទេសទំាងពីរ នឹងបន្តកិច្ចសហប្រតិ- បត្តិការល្អជាមួយគ្នា ក្នុងការចែករំលែកបទពិសោធ​ន៍គ្នាទៅវិញទៅមកបន្តទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទំាងពីរ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ទោះបី ដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី តែគណៈប្រតិភូបានសង្កេតឃើញពី​ចរន្តសេដ្ឋកិច្ចរស់រវើករបស់កម្ពុជានៅក្រោមសន្តិភាព ស្ថិរភាពដ៏រឹងមាំ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន