គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការ បានជួបប្រជុំធ្វើការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ចំនួនបី ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាប្រគល់ជូន បន្ទាប់ពីទទួលបាន សំណើពីរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភា ប្រជុំពិនិត្យពិភាក្សានាពេលនេះ មានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំពន្ធពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំងបីខាងលើមានសារៈសំខាន់ហើយរដ្ឋសភាត្រូវតែផ្តល់បត្យាប័ន ដើម្បីរាជរដ្ឋាភិបាល កម្ពុជាយកទៅអនុវត្ត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត។
ចំណែក ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការ បានស្នើដល់អង្គប្រជុំ ដើម្បីបង្កើតជាក្រុមជំនួយការ ដើម្បីសិក្សាឲ្យបានល្អិតល្អន់លើ សេចក្តីព្រាងច្បាប់ទំាងបី។
សូមជម្រាបថា នេះជាកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ។ ជានីតិវិធីនៃការពិនិត្យ និងសិក្សាច្បាប់របស់រដ្ឋសភា។ បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងនេះហើយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល បន្តទៀត៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន






