ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមការងារវិស័យនយោបាយ និងសន្តិសុខនៃAPPF បានឯកភាពគ្នាលើខ្លឹមសារឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់ប្រធានបទទាំងបី
ក្រុមការងារវិស័យនយោបាយ និងសន្តិសុខនៃAPPF បានឯកភាពគ្នាលើខ្លឹមសារឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់ប្រធានបទទាំងបី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/7/2018 2:19:37 AM )

ក្រុមការងារទទួលបន្ទុកវិស័យនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ ហៅកាត់ថាAPPF លើកទី២៧ នៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សាគ្នានៅវិមានរដ្ឋសភា ដើម្បីបញ្ចប់ការពិនិត្យលើខ្លឹមសារនៃការរៀបចំឯកសារទស្សនាទាន និងសេចក្ដីព្រាង សេចក្ដីសម្រេចសម្រាប់ប្រធានបទបីនៃវិស័យនេះ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ មានសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា តំណាងក្រសួងការបរទេស និងមន្ត្រីក្រុមការងារទទួលបន្ទុក វិស័យនយោបាយ និងសន្តិសុខ នៃលេខាធិការដ្ឋានជាតិ APPF។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានក្រុមការងារ ទទួលបន្ទុកវិស័យនយោបាយ និងសន្តិសុខនៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានមានប្រសាសន៍ជម្រាបអង្គប្រជុំថា នៅក្នុងកិច្ចប្រជុំនាពេល នេះ ឯកឧត្តមស្នើសុំឲ្យសមាជិកចូលរួមធ្វើការពិភាក្សាគ្នាលើពីរចំណុច គឺការរៀបចំឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់ ប្រធានបទទាំងបីរបស់វិស័យនយោបាយ និងសន្តិសុខ។

បន្ទាប់ពីមានការពិភាក្សា លើកឡើងនូវមតិយោបល់ពីសមាជិកក្រុមការងារដែលបានចូលរួមក្នុងកិច្ចប្រជុំរួចមក អង្គប្រជុំក៏បានសម្រេចឯកភាពគ្នាលើ ខ្លឹមសារដែលបានរៀបចំជាភាសាអង់គ្លេស ដោយមានការកែសម្រួលខ្លះៗ ទាំងឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចថ្មីចុងក្រោយ ទាំងបីប្រធានបទ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារ សូមយកឯកសារទាំងអស់ទៅបកប្រែជាភាសាជាតិ បន្ទាប់មកត្រូវបញ្ជូនត្រឡប់មក ឯកឧត្ដមពិនិត្យសិន មុននឹងបញ្ជូនឯកសារទាំងអស់ទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ និងប្រឹក្សាយោបល់គ្រប់វិស័យរបស់គណៈប្រតិភូកម្ពុជា។

ឯកឧត្តមប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារទទួលបន្ទុកវិស័យនយោបាយ និងសន្តិសុខ នៃAPPF លើកទី២៧ ទាំងអស់ ដែលបាន ខិតខំយកចិត្តទុកដាក់ប្រឹងប្រែង ស្រាវជ្រាវរៀបចំចងក្រងនូវខ្លឹមសារឯកសារ ទាំងឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់ ប្រធានបទទាំងបីនៃវិស័យនយោបាយ និងសន្តិសុខ នេះ។

ប្រធានបទទាំងបីរបស់វិស័យនយោបាយ​ និងសន្តិសុខ នៃកិច្ចប្រជុំ APPF លើកទី២៧គឺៈ
១-ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់
២-ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
៣-ពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវនូវព័ត៌មានវិទ្យាដើម្បីវឌ្ឍនភាពសង្គម ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parlia​mentary Forum” បានបង្កើតឡើងនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភា​នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាល​ពី​ឆ្នាំ១៩៩៥។ បច្ចុប្បន្នAPPFមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះតែងតែ​មានកិ​ច្ច​ប្រជុំប្រចំា​ឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នា ធ្វើជាប្រធាន។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ លើកទី២៧ គឺសភាកម្ពុជាជាអ្នកទទួលវេនធ្វើជាប្រធានរៀបចំកិច្ចប្រជុំដែល បានគ្រោង​នឹងរៀបចំធ្វើនៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន