ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តកំពង់ធំរៀបចំពិធីប្រណាំងទូក ដើម្បីជ្រើសសម្រាំងទូកសម្រាប់ចូលរួមប្រណាំងនៅរាជធានីភ្នំពេញ
ខេត្តកំពង់ធំរៀបចំពិធីប្រណាំងទូក ដើម្បីជ្រើសសម្រាំងទូកសម្រាប់ចូលរួមប្រណាំងនៅរាជធានីភ្នំពេញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/5/2018 8:54:58 PM )

ឯកឧត្ដមបណ្ឌិត ​ងួន​ ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា ​​នៅរសៀលថ្ងៃទី​៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីផ្តល់រង្វាន់ ការ​​ប្រណាំងទូក​ប្រពៃណី​ ទូកខ្នាត​អន្តរជាតិ​ ទូកង ​ទូកផ្កាចា និង​ទូក​មួង ​ឆ្នាំ​២០១៨ នៅ​ដងស្ទឹងសែន​ ក្រុង​ស្ទឹង​សែន ​ខេត្តកំពង់ធំ​។

ក្នុងពិធីនេះក៏មានការចូលរួមពីឯក​ឧត្ដម​លោកជំទាវ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា អភិបាលខេត្ត ព្រមទាំង​លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  និងប្រជាពលរដ្ឋ​ជាច្រើនកុះករផងដែរ។​

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ​ទូកដែល​ចូលរួម​ប្រណាំងនៅពេលនេះ គឺមានចំនួន​៤២ទូក​ មកពី​៥ស្រុកនៃ​ខេត្តកំពង់ធំ។ ​កីឡាករ​ កីឡាការិនី​ ចំណុះទូកទាំងអស់មានចំនួន ​១ ២៨៦​នាក់ និងមានកីឡាករ​បម្រុង ចំនួន២៨២នាក់។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទូកដែលចូលរួមប្រណាំងនៅពេលនេះ មាន​ទូកវែងចំនួន៦​ ទូក​ផ្កា​ចា​​ចំនួន១៧​ ទូក​មួងបុរសចំនួន២​ ទូក​ខ្នាត​អន្តរជាតិ​ចំនួន១៧ ហើយការប្រណាំងទូកនៅពេលនេះ គឺដើម្បីសម្រិត​សម្រាំងជ្រើសរើសទូក​ដែលមាន​លក្ខណៈ​សម្បត្តិ​ល្អ​ សម្រាប់យកទៅចូលរួម​​ប្រណាំង ​អបអរសាទរ​ព្រះរាជ​ពិ​ធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ខាងមុខ នៅ​រាជធានី​ភ្នំពេញ​។​

ឯកឧត្ដមបណ្ឌិត​ ងួន​ ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បាន​មានប្រសាសន៍លើកឡើងថា ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​មានអត្ថន័យដ៏ធំធេងចំពោះ ប្រជាពលរដ្ឋ​ខ្មែរ។ ការប្រារព្ធពិធីនេះ​ឡើងក្នុង​គោល​បំណងរំលឹក​ដល់​វីរភាព និង​ជ័យជម្នះ​នៃ​កងទ័ព​ជើង​ទឹក​ខ្មែរ​នាសម័យមហានគរ​លើខ្មាំងសត្រូវ​បរទេស​ឈ្លានពាន ហើយ​ដែលមាន​ចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស​ក៏ដូចជា ​តាម​សិលា​ចារិក​នៃ​ប្រាសាទ​អង្គរវត្ត​ ​ត្រូវបាន​ព្រះមហាក្សត្រ​និង​ប្រជារាស្ដ្រ​ខ្មែរ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ​។ ​ឯកឧត្ដមបណ្ឌិត​បាន​បញ្ជាក់ថា ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​មាន​ឯកភាពជាតិ​និង​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​លើ​គ្រប់​វិស័យ​​នេះហើយ ​ទើប​យើង​មានឱកាស​បាន​ធ្វើបុណ្យ​ធ្វើ​ទាន​ជាពិសេសការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ជាដើម។ ​ ​ ​ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ទៀតថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅក្នុងសុខសន្តិភាព មានភាព​សប្បាយរីករាយ​និង​អាច​ដើរលេង​កម្សាន្ត បានគ្រប់ទីកន្លែង គឺ​ដោយសារ​  ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ​របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកប ដោយ​គតិបណ្ឌិត ​ធ្វើអោយ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ហើយបានស្នើដល់​គណ:កម្មការ​និងកីឡាករ​ កីឡា​ការិនី​អ៊ុំទូក​ទាំងអស់ត្រូវវ​គោរព​ វិន័យ​បទបញ្ជា​នានា​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ ហើយត្រូវប្តេជ្ញា​ចិត្ត​ យក​ជ័យជំនះ​ និងកិត្តិយស​ ​ជូន​ខេត្តកំពង់​ធំឲ្យបានច្រើន នៅ​ពេលទៅចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អំទូក នៅរាជ​ធានីភ្នំពេញ​នាពេលខាងមុខ​។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តល់រង្វាន់ជានិម្មិតរូបដល់ទូកង ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ៨ទូក ដោយក្នុងនោះ ទូកប្រភេទខ្នាតអន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ២ទូក លេខ២ មានចំនួន ៣ទូក និងលេខ៣ មានចំនួន ៣ទូក, ប្រភេទទូកផ្កាចា ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ៤ទូក លេខ២ មានចំនួន ៣ទូក និងលេខ៣ មានចំនួន ៣ទូក, ទូកងខ្នាតវែង ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ១ទូក លេខ២ មានចំនួន ១ទូក និងលេខ៣ មានចំនួន ១ទូក ,ទូកមួងប្រភេទបុរស ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ១ទូក និងលេខ២ មានចំនួន ១ទូក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន