ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក
ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/19/2018 12:55:38 AM )

បន្ទាប់ពីជ្រើសរើសបានប្រធានបទសម្រាប់ការធ្វើសេចក្ដីព្រាងសេចក្តីសម្រេចបានចំនួន២ កាលពីកិច្ចប្រជុំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF លើកទី២៧ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានជួបប្រជុំពិភាក្សាគ្នាម្ដងទៀតនៅវិមានរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាគ្នាបន្ថែម អំពីវឌ្ឍនភាពនៃការរៀបចំ ឯកសារទស្សនាទានសម្រាប់ប្រធានបទ២ដែលបានជ្រើសរើសនោះ។

នៅក្នុងកិច្ចប្រជុំក្រុមការងារនាឱកាសនេះ មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីនៃលេខាធិការដ្ឋានជាតិ APPF កម្ពុជា បានពិនិត្យពិភាក្សាគ្នាម្តងមួយៗលើប្រធានបទទាំងពីរនោះ ដោយមានការផ្តល់មតិយោបល់គ្នាទៅវិញទៅមកយ៉ាងល្អិតល្អន់។

ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុម ការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ APPF លើកទី២៧ ដែលនឹងរៀបចំធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមការងារទទួលបន្ទុក វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃសភាប្រទេសកម្ពុជា កន្លងមក បានសម្រេចជ្រើសរើសយកប្រធានបទចំនួនពីរ សម្រាប់ការធ្វើសេចក្ដីព្រាង សេចក្តីសម្រេចដាក់ក្នុងកិច្ចប្រជុំនោះ។ ប្រធានបទទាំង២ក្នុងវិស័យនេះ មាន ទី១-ការលើកកម្ពស់តួនាទីសភាដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ ២-​ ការពង្រីងកិច្ចសហប្រតិបត្តិការសភាដើម្បីលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក។

ឯកឧត្ដម សួស យ៉ារ៉ា បានមានប្រសាសន៍ថា ការជ្រើសរើសប្រធានបទឲ្យបានសមស្របនឹងផលប្រយោជន៍របស់ប្រទេសជាតិយើង និងបណ្តា ប្រទេសក្នុងតំបន់ APPF គឺវាមានសារៈសំខាន់ខ្លាំងណាស់។ ប្រធានបទទាំងពីរដែលបានជ្រើសរើសគឺសុទ្ធតែសំខាន់។ ប៉ុន្តែឯកឧត្ដមបានណែនាំឲ្យ ក្រុមការងារផ្ដោតការយកចិត្តទុកដាក់បន្ថែមលើប្រធានបទស្តីពី «ការពង្រីងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ ឯកឧត្តមបញ្ជាក់ថា ប្រធានបទនេះ វាត្រូវនឹងកាលៈទេសៈបច្ចុប្បន្ន ដែលព្រះរាជាណាចក្រកម្ពុជាត្រូវបានអង្គការយូណេស្កូ កំពុងកោតសរសើរថា ជាប្រទេសមានសម្បត្តិវប្បធម៌ល្អៗ ជាពិសេសសម្បូរទៅដោយប្រាសាទបុរាណ មានប្រាសាទអង្គរវត្ត និងប្រាសាទល្បីៗមួយ ចំនួនទៀតដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកជាបន្តបន្ទាប់។ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍បន្តថា ប្រធានបទនេះ ទាញការយកចិត្តទុកដាក់ ទៅលើសក្តានុពលនៃការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសជាសមាជិកទាំងអស់។ ភាពផ្សេងៗគ្នានៃវប្បធម៌ធ្វើ អោយមានការចែករំលែក ផ្លាស់ប្តូរ និងការសម្របសម្រួលរវាងគ្នានិងគ្នា ដើម្បីកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយ សន្តិសហវិជ្ជមាន ដែលនាំអោយមានទំនាក់ទំនងល្អរវាងក្រុម ឬប្រទេសដែលមានវប្បធម៌ខុសៗគ្នា។ ដូចនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានសារៈសំខាន់ណាស់ សម្រាប់ការបើកចំហទស្សនៈ និងការយល់ឃើញ ទៅលើឫសគល់នៃការអភិវឌ្ឍ ការយោគយល់ ការអធ្យាស្រ័យគ្នា ហើយវាមានតម្លៃសម្រាប់ការបង្កើនចំណេះដឹង និងចែករំលែកបទពិសោធន៍អោយ គ្នាទៅវិញទៅមក។

បន្ទាប់ពីការពិភាក្សាផ្ដល់យោបល់លើការរៀបចំឯកសារ សម្រាប់ប្រធានបទទាំងពីរយ៉ាងយកចិត្តទុកដាក់រួចមក និងដោយយល់ឃើញថា ប្រធានបទ ស្តីពី «ការពង្រីងកិច្ចសហប្រតិបត្តិការសភាដើម្បីលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» មានភាពចាំបាច់ត្រូវតែសិក្សា ស្រាវជ្រាវបន្ថែមទៀត អង្គប្រជុំបានឯកភាពគ្នា ស្នើអោយអង្គភាពស្រាវជ្រាវ និងក្រុមការងារ ត្រូវធ្វើកិច្ចសហការជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គការ យូណេស្កូកម្ពុជា ដើម្បីរៀបចំចងក្រងឯកសារលើប្រធានបទនេះឲ្យបានកាន់តែល្អប្រសើរថែមទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន