ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/18/2018 8:52:59 PM )

ឯកឧត្តម អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រាបជូន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា ថា ក្រោមការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានជឿជាក់ លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ថានឹងនាំនាវាកម្ពុជាទៅកាន់ភាពរុងរឿងថ្កុំថ្កើងជាលំដាប់។

ក្នុងនាមជាគណៈកម្មការជំនាញមួយរបស់រដ្ឋសភា ដែលទទួលបន្ទុកវិស័យការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ឡោក ខេង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំសមាជិកចុះសិក្សាស្វែងយល់ពីការងាររបស់ក្រសួង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ផ្ទាល់តែម្តង​។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនប្រតិភូគណៈកម្មការជំនាញរបស់រដ្ឋសភាថា នៅក្នុងនីតិកាលទី៥នៃរដ្ឋសភាកន្លងមកនេះ ក្រសួងបាន បំពេញការងារដោយជោគជ័យជាច្រើន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានលើកឡើងពីជោគជ័យ សំខាន់ៗ មាន៥ ដូចជាការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈការអភិវឌ្ឍមុខរបរ ការអភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការពង្រឹង អភិបាលកិច្ចល្អជាដើម។

លោកជំទាវ ឡោក ខេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងនៅគ្រប់កាលៈទេសៈ ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈទៅតាមផែនការកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ លោកជំទាវប្រធានគណៈកម្មការ បានស្នើដល់ក្រសួងបន្តថែរក្សា និងបង្កើនកិច្ចសហប្រតិបត្តិជាមួយរដ្ឋសភា ដើម្បីធ្វើយ៉ាងណាឲ្យភារកិច្ចរបស់ក្រសួង និងគណៈកម្មការ ​ផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាពលរដ្ឋកាន់តែច្រើនឡើង ប្រកប​ដោយគុណភាពខ្ពស់ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦នេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន