ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត
គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/18/2018 2:23:45 AM )

ក្នុងគោលដៅសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងដើម្បីជំរុញកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃ ក្នុងនីតិកាលទី៦នៃរដ្ឋសភានេះជាបន្ត គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញចុះទៅជួបប្រជុំពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការ ក្រសួង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងសូមស្វាគមន៍​ និងគាំទ្រចំពោះកិច្ចសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាជានិច្ច។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានលើកទឹកចិត្តឲ្យគណៈកម្មការមានការបន្តចុះទៅជួបពិភាក្សាការងារ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិបន្តទៀតផងដែរ។

នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានជម្រាបជូនគណៈកម្មការនៃរដ្ឋសភាពីសមិទ្ធផលសំខាន់ៗមួយចំនួន ដែលក្រសួងមហាផ្ទៃសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំ ២០១៣-២០១៧ កន្លងមកថា ក្រសួងបានអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងក្របខ័ណ្ឌ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ព្រមទាំងការពង្រឹង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។

សម្តេចក្រឡាហោម បានបន្តថា ការងារសំខាន់ៗដែលក្រសួងបានអនុវត្ត សម្រេចបានជោគជ័យមានជាអាទិ៍៖ កិច្ចប្រតិបត្តិការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ និងលិខិតឆ្លងដែន ការងារអន្តោប្រវេសន៍ គ្រោះថ្នាក់ចរា- ចរណ៍ ការងារគ្រប់គ្រងច្រកទ្វារព្រំដែន ការងារវិមជ្ឈការ​ និងវិសហមជ្ឈការ ការងារប្រជាធិបតេយ្យនីយកម្ម និងការងារសង្គមស៊ីវិលជាដើម។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា នៅក្នុងឆ្នាំ២០១៨នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា​សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា និងក៏ជាឆ្នាំដែលប្រទេសយើងបានរៀបចំការបោះឆ្នោតជាតិ ចំនួនពីរ គឺការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ សម្តេចបន្តថា ទោះស្ថិតក្នុងកាលៈទេសៈមមាញឹក បែបនេះក្ដី មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ នៅតែខិតខំរួមគ្នាសម្រេចបាននូវទិសដៅជា យុទ្ធសាស្ត្រសំខាន់ៗចំនួនបី ៖ ទី១ បន្តខិតខំថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈ សម្បត្តិអនុគ្រោះដល់ការរីកចម្រើនរឹងមាំបន្ថែមទៀតនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ទី២ បន្តជំរុញ ការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវជំរុញកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យបន្តបោះជំហានទៅមុខប្រកបដោយចីរភាពស្របតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប- តេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ និងទី៣ ខិតខំប្រមូលផ្តុំ បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ការខិតខំដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋលើគ្រប់វិស័យក្នុង សង្គម។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរជូនចំពោះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងទំាងអស់ ពីការខិតខំបំពេញភារកិច្ចជូនជាតិ និង ប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមកទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលសំខាន់ៗគួរជាទីមោទនៈ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ណេង ក៏បានសម្តែងនូវការអរគុណដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់​ ដែលបានសហការជាមួយគណៈកម្មការជំនាញ នៃរដ្ឋសភាបានល្អរហូតមក ដូចជា ការផ្តល់របាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងាររបស់អង្គភាពនីមួយៗ និងការចាត់តាំងថ្នាក់ដឹកនាំចូលរួម ប្រជុំទ្វេភាគី ពហុភាគីលើកិច្ចការជំនាញរបស់ក្រសួង និងការចូលរួមក្នុងពិធីផ្សេងៗ ដែលពាក់ព័ន្ធកិច្ចការទទួលខុសត្រូវរបស់គណៈកម្មការទី៤នៃ រដ្ឋសភា។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន