ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម
ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/17/2018 6:19:39 AM )

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថាAPPF លើកទី២៧ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារប្រធានបទចំនួនបី​ សម្រាប់ត្រៀមដាក់ទៅ ក្នុងកិច្ចប្រជុំ APPF ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្នុងនាមប្រទេសទទួលរៀបចំកិច្ចប្រជុំ APPF សភាប្រទេសកម្ពុជា បានត្រៀមប្រធានបទចំនួនបីនៅក្នុងវិស័យនយោបាយ សម្រាប់ដាក់ក្នុងកិច្ចប្រជុំ នោះ។ ការងារវិស័យនយោបាយនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី។ ប្រធានបទចំនួន៣ក្នុងវិស័យនេះ មាន ទី១-ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ ទី២-ការប្រយុទ្ធប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ និងទី៣-ពង្រឹង កិច្ចសហប្រតិបត្តិការរបស់សភា ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីវឌ្ឍនភាពសង្គម។

នៅក្នុងកិច្ចប្រជុំក្រុមការងារនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីនៃលេខាធិការដ្ឋានជាតិAPPF បានពិនិត្យពិភាក្សាម្តងមួយៗលើប្រធានបទទាំងបីនោះ ដោយមានការផ្តល់មតិយោបល់គ្នាទៅវិញទៅមកយ៉ាង ល្អិតល្អន់។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ គឺតែងចង់ឲ្យកិច្ចប្រជុំមានដំណើរការទៅដោយរលូន ហើយនៅ ចុងបញ្ចប់ទទួលបាននូវសេចក្ដីប្រកាសរួម។ ដូច្នេះការជ្រើសរើសនូវប្រធានបទសម្រាប់កិច្ចប្រជុំ គឺត្រូវតែបម្រើនូវសេចក្ដីត្រូវការ និងផលប្រយោជន៍រួម របស់ប្រទេសជាសមាជិកAPPFទាំងអស់ នោះទើបដំណើរការនៃកិច្ចប្រជុំ មានការចូលរួមចែករំលែកបទពិសោធន៍ពីបណ្ដាប្រទេសជាសមាជិកបានផុល ផុស នឹងទទួលបានជោគជ័យ។

សូមជម្រាបថា នៅកិច្ចប្រជុំប្រចាំឆ្នាំAPPF នឹងមានការពិភាក្សាលើវិស័យមួយចំនួនដោយឡែកៗពីគ្នា មានវិស័យស្រ្តី នយោបាយ ពាណិជ្ជកម្ម ជាដើម។ សភាកម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧APPF នៅខែមករា​ ឆ្នាំ២០១៩ បានត្រៀមប្រធានបទតាមវិស័យទាំងនោះរួចអស់ ហើយ ដោយមានសមាជិករដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុកវិស័យមួយៗផ្សេងៗគ្នា។

ក្នុងនាមប្រធានក្រុមការងារទទួលបន្ទុកវិស័យនយោបាយ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាទាំងអស់​ ដែលបានចូល រួមផ្លាស់ប្តូរនូវមតិយោបល់ទៅលើខ្លឹមសារ នៃប្រធានបទទាំងបីខាងលើនេះ។ ឯកឧត្ដមបានស្នើសុំឲ្យក្រុមការងារលេខាធិការដ្ឋានជាតិAPPF បន្តសិក្សា ស្រាវជ្រាវរៀបចំឯកសារពាក់ព័ន្ធបន្តទៀត ដើម្បីជាជំនួយស្មារតីទុកជូនប្រតិភូដែលត្រូវចូលរួមក្នុងកិច្ចប្រជុំAPPF លើកទី២៧ នាពេលខាងមុខនោះ៕


អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន