ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/14/2018 11:47:51 PM )

ក្នុងឱកាសគម្រប់ខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅ ព្រះបរមរូប ខាងកើតវិមានឯករាជ្យ។

ក្រោយការយាងចូលទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបាន កំណត់យកថ្ងៃទី១៥តុលា រៀងរាល់ឆ្នាំ ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ថ្នាក់ដឹកនាំ ក្រសួងមន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បានអញ្ជើញនាំគ្នាយកកម្រងផ្កា ថ្វាយគោរពសក្ការៈ ចំពោះព្រះបរមរូប។ ក្នុងឱកាសនេះ អាជ្ញាធរ ខេត្តក្រុងនានា ទូទាំងប្រទេស ក៏រៀបចំអោយមានទីគោរពព្រះវិញ្ញាណក្ខន្ធនេះផងដែរ នៅតាមមូលដ្ឋានរបស់ខ្លួន។

ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គត នៅវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២​ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។ ប្រជារាស្រ្តខ្មែរបាន សោកស្តាយយ៉ាងក្រៃលែងជាទីបំផុត ចំពោះការសោយទិវង្គតរបស់ព្រះអង្គ និងបានចងចាំជានិច្ច ចំពោះការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដូចជាដណ្តើមឯករាជ្យជាតិពីអាណានិគមបារាំង ការកសាងកម្ពុជាជាកោះសន្តិភាព ជាដើម៕

 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន