ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះមហាក្សត្រ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ
ព្រះមហាក្សត្រ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2018 9:20:36 PM )

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុត បើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាព្រឹត្តិការណ៍ជាមហោឡារឹក និងជាប្រវត្តិសាស្រ្ត នៃការ ចាប់ផ្តើមដំណើរការរដ្ឋសភានីតិកាលទី៦ ក្រោយពីការបោះឆ្នោតជាសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៦ មានវត្តមានបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតទំាង១២៥រូប និងឥស្សរជនជាន់ខ្ពស់ អង្គទូត អង្គការនានា ដែលប្រចំានិងបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមយកព័ត៌មានរបស់អ្នកសារព័ត៌មានជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ។

នៅក្នុងព្រះរាជសុន្ទរកថា បើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា “ខ្ញុំមានជំនឿយ៉ាងមុតមំាថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការ ទុកចិត្តពីរដ្ឋសភានឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍន៍ និងពង្រឹង ប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាព ដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ”។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលបន្តថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និង សាមគ្គីភាពជាតិខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។

សូមជម្រាបថារដ្ឋសភានីតិកាលទី៦ កើតចេញពីការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន២០ចូលរួម។ ប្រជាពលរដ្ឋច្រើនលើសលុបបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២៥ ក្នុងរដ្ឋសភានីតិកាលទី៦នេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន