ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/17/2018 2:19:34 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ​ លើកទី២៧ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្ត និងដាក់ទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី១៧​ ខែកក្កដា ឆ្នាំ២០១៨នេះ។

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ វេទិកា
APPF នៅទឹកដីអង្គរ ខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយ ចីរភាព

នៅក្នុងកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួនពីរ។ ទី១ គឺការ ពិនិត្យលើការរៀបចំគម្រោងថវិកា ដើម្បីស្នើសុំថវិកាក្នុងការរៀបចំកិច្ចប្រជុំ។ ទី២ ពិនិត្យការអនុវត្តប្រតិទិនការងារដែលបានដាក់ចេញ។

ប្រតិទិនការងារក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមកដល់ខែកក្កដានេះ ត្រូវចុះទៅពិនិត្យ ទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប និងកម្មវិធីកិច្ចប្រជុំ។

សភាកម្ពុជាបានទទួលភារកិច្ចជាផ្លូវការ ធ្វើជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីពាក់កណ្តាលខែមេសាឆ្នាំ២០១៨មក។ ពីខែ មេសារហូតមកដល់ខែកក្កដានេះ ក្រុមការងារលេខាធិការដ្ឋានបានអនុវត្តការងារជាច្រើន ដែលនៅក្នុងនោះ សភាកម្ពុជាបានជ្រើសរើស មូលបទនៃកិច្ចប្រជុំ​ និងបានជ្រើសរើសប្រធានបទតូចៗតាមវិស័យទាំង៥របស់
APPF ដើម្បីផ្ញើជូនទៅប្រទេសទាំង១០ ដែលជាសមាជិក ប្រតិបត្តិរបស់ APPF ពិនិត្យ​ និងផ្តល់យោបល់។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស
“The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះ តែងតែមានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយប្រទេស ជាសមាជិក ផ្លាស់វេណគ្នាធ្វើជា ប្រធាន។ កាលពីឆ្នាំ២០១៧ ប្រទេសវៀតណាមបានធ្វើជាប្រធាន APPF លើកទី២៦។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងដាក់ទិសដៅបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃ
APPFរបស់សភា​កម្ពុជានេះ ឯកឧត្តម ឡេង ប៉េងឡុង បានផ្តាំផ្ញើ និងជំរុញសមាជិកក្រុមការងារលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់បំពេញការងារ ដើម្បីឲ្យកិច្ចប្រជុំដ៏ធំ ដែលជាមុខមាត់របស់សភាកម្ពុជា និងប្រទេសកម្ពុជានេះ ទទួលបានជោគជ័យដូចវេទិកាសភានានា ដែលសភា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន