ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា
មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/2/2018 11:14:36 PM )

មន្រ្តីសភាចំនួន១៥នាក់ មកពីសភាកម្ពុជា ឡាវ  មីយ៉ាន់ម៉ា និងថៃ បានធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨​ ដើម្បី ស្វែងយល់ពីតួនាទី និងភារកិច្ចស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ខណៈដែលមន្រ្តីសភាទាំងនេះ កំពុងទទួលបានការបណ្តុះបណ្តាលកិច្ចការស្រាវជ្រាវសភា នៅ វិទ្យាស្ថានសភាកម្ពុជា PIC ក្នុងរាជធានីភ្នំពេញ។

លោកស្រី គង់ គន្ធា មន្ត្រីសម្របសម្រួលកិច្ចការសភានៃវិទ្យាស្ថានសភាកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់វិមានរដ្ឋសភានេះ ជាផ្នែកមួយ ក្នុងកម្មវិធីសិក្សារបស់វិទ្យាស្ថានសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាម បានជួបផ្ទាល់ជាមួយមន្រ្តីបម្រើការងារក្នុងរដ្ឋសភាកម្ពុជា បានសិក្សា ស្វែងយល់ដោយផ្ទាល់ពីសកម្មភាព ស្នាដៃ សមិទ្ធផលរបស់សភាកម្ពុជា។ បើតាមមន្ត្រីខាងលើបានអោយដឹងថា​ នេះជាលើកទី៥ហើយ ដែលវិទ្យាស្ថាន សភាកម្ពុជា បានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានអញ្ជើញធ្វើជាវាគ្មិនក្នុងការធ្វើបឋកថា អំពីតួនាទីភារកិច្ចរបស់រដ្ឋសភាដល់សិក្ខាកាមនៅ ក្នុងដំណើរទស្សនកិច្ចនេះ បានស្វាគមន៍ និងបានគាំទ្រ ចំពោះសកម្មភាពរបស់វិទ្យាស្ថានសភាកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតឲ្យមានការបណ្តុះ- បណ្តាលនេះឡើង។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ការចូលរួមបណ្តុះបណ្តាលរួមគ្នារវាងមន្រ្តីសភាអាស៊ាននេះ បានធ្វើឲ្យពួកគេមាន គំនិត និងចំណេះដឹងថ្មី ក្នុងការអភិវឌ្ឍសមត្ថភាពការងារតាមរយៈគ្រូឧទ្ទេសនាមផង និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកផង។

ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់បន្ថែមថា កម្មវិធីសិក្សានេះ ក៏ជាការត្រួសត្រាយផ្លូវមួយដែលនឹងធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ- ការរវាងអគ្គលេខាធិការដ្ឋានសភាប្រទេសទាំងអស់នៅក្នុងអាស៊ាននេះ មានលក្ខណៈល្អប្រសើរឡើង។

សូមជម្រាបថា មន្ត្រីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ នេះ នឹងត្រូវសិក្សារួមគ្នាក្នុងរយៈពេល៦ខែនៅវិទ្យាស្ថានសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន