ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យលទ្ធផល ការងារ និងដាក់ចេញផែនការក្នុងការត្រៀមផ្តល់សេវាកម្ម ដល់ដំណើរកិច្ចប្រជុំ APPF នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ។ សភានៃប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅ ពាក់កណ្តាលខែមករា ឆ្នាំ២០១៩ នៅលើទឹកដីខេត្តសៀមរាប។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស តែងតែជួបប្រជុំប្រចាំឆ្នាំក្នុងប្រទេសជាសមាជិក ដើម្បីពិភាក្សាលើបញ្ហានយោបាយ សង្គម សេដ្ឋកិច្ច និងបញ្ហាស្រ្តីជាដើម ដើម្បីជំរុញយន្តការសភា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់តំបន់ និងពិភពលោក ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍតំបន់ និងពិភពលោក ដោយចីរភាព។ ការទទួលធ្វើជាម្ចាស់ផ្ទះរបស់សភាកម្ពុជាសម្រាប់វេទិកានេះ ជាកិត្តិយស និងជាមុខមាត់របស់កម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់សន្តិភាព និងការដោះស្រាយបញ្ហាសកលលោក។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៃអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដែលជាអនុ គណៈកម្មការមួយ ក្នុងចំណោមអនុគណៈកម្មការដែលសភាកម្ពុជាបានបង្កើតឡើង ក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ APPF នោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានជំរុញ និងលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ ឲ្យខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងពុទ្ធិ ដែលមាន។ ឯកឧត្តមបណ្ឌិតរដ្ឋ បានគូសបញ្ជាក់ថា អនុគណៈកម្មការហិរញ្ញវត្ថុនិងផ្គត់ផ្គង់ នឹងដើរតួនាទីសំខាន់ ក្នុងការផ្តល់ថវិកា និងសម្ភារៈនានាដល់ដំណើរការ កិច្ចប្រជុំ ដូច្នេះត្រូវពិនិត្យ និងសិក្សាគម្រោងនីមួយៗឲ្យបានល្អិតល្អន់ មានតម្លាភាព មានការសន្សំសំចៃខ្ពស់៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន