ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ
វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/21/2018 7:40:29 PM )

វិទ្យាស្ថានសភាកម្ពុជា ហៅកាត់ថា PIC បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន៣៣នាក់ ដែលបានបញ្ចប់វគ្គសិក្សាពីពេល កន្លងមក និងប្រកាសបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសបន្ត សម្រាប់​សិក្ខាកាមថ្មីចំនួន២៣នាក់ ដែលជាមន្ត្រីមកពីអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដែលបានអញ្ជើញជាអធិបតី នៅក្នុងពិធីនេះ បានសម្តែងនូវការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលឆ្លៀតពេលវេលាពីការងារមកសិក្សារៀនសូត្របន្ថែម ដើម្បី ពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាដើម្បីចូលរួមពង្រឹងគុណភាពនៃការផ្តល់សេវាជូនស្ថាប័ន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គលេខាធិការនៃសភាទាំងពីរ ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ត្រូវពង្រឹងការអាន ការស្តាប់ ការនិយាយ ការសរសេរ បន្ថែមទៀត ដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួនឯង។

សូមជម្រាបថា សិក្ខាកាមជាមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ដែលត្រូវទទួលវិញ្ញាបនបត្រទាំង៣៣នាក់នាឱកាសនេះ គឺបានសិក្សានៅ វិទ្យាស្ថានសភាកម្ពុជា ទៅលើការងារស្រាវជ្រាវសភា ជំនាញកិច្ចការទូតសភា និងជំនាញប្រាស្រ័យទាក់ទងសភា។ វគ្គជំនាញទាំងនេះ បានចាប់ផ្ដើម សិក្សាតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ។ រីឯវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសបន្ត នឹងចាប់ដំណើរការពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ តទៅ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន