ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/16/2018 2:42:30 AM )

ក្នុងពេលអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ​ និងឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង​ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍លើកឡើងថា​ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់ប្រទេសជាតិ ។ សម្តេចបានអំពាវនាវដល់ពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។

ជាមួយគ្នា​នេះ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ​បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង របស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះគ្រូចៅអធិការគ្រប់ជំនាន់ ពុទ្ធបរិស័ទ និងសប្បុរជនជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ កសាងសមិទ្ធផលសំខាន់ៗដ៏ច្រើនក្នុងទីអារាមនេះ។

សម្តេចបានគូសបញ្ជាក់ថា​ បច្ចុប្បន្ននេះ វិស័យពុទ្ធចក្រមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានវត្តអារាមនៅទូទាំងប្រទេសជាង៤ពាន់វត្ត ហើយមាន ព្រះសង្ឃជាង៥ម៉ឺនអង្គ។ ជាមួយគ្នានេះដែរ ព្រះវិហារឥស្លាម គ្រឹស្តសាសនា និងសាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាតជាបន្តបន្ទាប់​ ហើយអ្វី ដែលសំខាន់ជាងនេះទៀត គឺការធ្វើសុខដុមនីយកម្មសាសនានៅទូទាំងប្រទេសរបស់យើងដោយសន្តិភាព មិនមានជម្លោះទាស់ទែងគ្នារវាងសាសនា មួយនិងសាសនាមួយទៀតឡើយ។​ សម្តេចបានចាត់ទុកទីវត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។​ សម្តេចបានបន្ថែមថា ផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិតជាបានរួមចំណែកនិងមានចំណងទាក់ទងគ្នាមិនដាច់ឡើយ។ ក្នុងន័យនេះ ប្រសិនបើប្រទេស ជាតិមានអស្ថិរភាពហើយនោះ គឺពុទ្ធចក្រក៏មិនអាចមានជីវិតរស់រានរីកចម្រើនបានឡើយ។

សូមជម្រាបថា​ ឧបដ្ឋានសាលាដែលត្រូវធ្វើពិធីសម្ពោធឆ្លង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់​ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សមិទ្ធផលនេះបានចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងចំណាយថវិកា សាងសង់អស់ចំនួន២២៨លានរៀល និង៣៦៩០៥ដុល្លារ។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន