ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃកិច្ចប្រជុំAPPFលើកទី២៧ ជ្រើសរើសប្រធានបទទាក់ទងនឹងបញ្ហាការប្រែប្រួលអាកាសធាតុ វប្បធម៌ និងទេសចរណ៍
វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃកិច្ចប្រជុំAPPFលើកទី២៧ ជ្រើសរើសប្រធានបទទាក់ទងនឹងបញ្ហាការប្រែប្រួលអាកាសធាតុ វប្បធម៌ និងទេសចរណ៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/13/2018 8:41:35 PM )

ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងខែមករា ឆ្នាំ២០១៩ ខាង​មុខនេះ សភាកម្ពុជាបាន បង្កើតក្រុមការងារតាមវិស័យចំនួន៥ ដើម្បីរៀបចំខ្លឹមសារ និងជ្រើសរើសប្រធានបទសម្រាប់វិស័យនីមួយៗជាបន្តបន្ទាប់។ ដោយឡែកនៅរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក(APPF)លើកទី២៧ បានប្រជុំជ្រើសរើសប្រធានបទសម្រាប់វិស័យនេះ ដោយបានផ្ដោតការយកចិត្តទុកដាក់ទៅលើ បញ្ហាការប្រែប្រួល អាកាសធាតុ បញ្ហាវប្បធម៌ និងទេសចរណ៍។

កិច្ចប្រជុំដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា នាវេលារសៀលនេះ ដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានក្រុមការងារចូលរួមរៀបចំខ្លឹមសារ សម្រាប់វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងដែលមានការចូលរួមដោយ ឯកឧត្ដមសមាជិកក្រុមការងារសភា ឯកឧត្ដមអគ្គលេខាធិការ អគ្គលេខាធិការរងនៃរដ្ឋសភា តំណាងក្រសួងបរិស្ថាន និងមន្ត្រីនៃលេខាធិការដ្ឋានជាតិ APPF។

ឯកឧត្ដម សួស យ៉ារ៉ា បានមានប្រសាសន៍លើកឡើងពីបរិបទទាក់ទងនឹងប្រធានបទ ដែលក្រុមការងារបានរៀចំឡើងមានចំនួន៤។ ឯកឧត្ដម ចាត់ទុកថាប្រធានបទទាំង៤ សុទ្ធសឹងជាប្រធានបទដែលមានសារៈសំខាន់ តែឯកឧត្ដមស្នើសុំអង្គប្រជុំពិចារណាជ្រើសរើសយកតែ២ប៉ុណ្ណោះ។ ម៉្យាងទៀតប្រធានបទដែលត្រូវបានជ្រើសរើស គឺត្រូវតែបម្រើនូវសេចក្ដីត្រូវការ និងផលប្រយោជន៍រួមប្រទេសជាសមាជិកAPPFទាំងអស់ នោះទើប អាចកាត់បន្ថយបាននូវការជជែកវែកញែកខ្លាំងនៅក្នុងកិច្ចប្រជុំ។

បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ អង្គប្រជុំបានសម្រេចជ្រើសរើសប្រធានបទចំនួន២ ក្នុងចំណោមប្រធានបទ៤ ដែលក្រុមការងារបានរៀបចំ។ ប្រធានបទទាំងពីរនោះ គឺផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាវប្បធម៌ និងទេសចរណ៍ ដែលប្រធានបទ ទី១- ការលើកកម្ពស់តួនាទីសភា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងទី២-ការពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងការលើកកម្ពស់វិញ្ញត្តិ វប្បធម៌ និងទេសចរណ៍នៅក្នុងតំបន់។

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា បញ្ហាការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកល ដែលពិភពលោកកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង។ ចំណែកឯវិស័យវប្បធម៌ និងទេសចរណ៍ ក៏ជាវិស័យសំខាន់នៅគ្រប់ប្រទេសទាំងអស់ ហើយវិស័យនេះ ក៏គេសង្កេត ឃើញនូវចរន្តទំនាក់ទំនង រវាងប្រជាពលរដ្ឋនៃប្រទេសមួយទៅប្រទេសមួយទៀតជាហូរហែ ហើយដែលយើងអាចប្រើប្រធានបទលើវិស័យនេះ ជាបង្អួចនៃទំនាក់ទំនងការទូតបាន។

ឯកឧត្ដម សួស យ៉ារ៉ា បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ដែលបានចូលរួមមតិយោបល់ ក្នុងការសម្រេចជ្រើស រើសនូវប្រធានបទទាំងពីរខាងលើ។ ឯកឧត្ដមក៏បានស្នើសុំឲ្យតំណាងក្រសួងបរិស្ថាន ជួយធ្វើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍សម្រាប់គណៈប្រតិភូ កម្ពុជាលើប្រធានបទទី១។ ដោយឡែកសម្រាប់ប្រធានបទទី២ ទាក់ទងនឹងវិស័យវប្បធម៌ និងទេសចរណ៍ ឯកឧត្ដមបានស្នើសុំឲ្យឯកឧត្ដម អគ្គលេខាធិការរដ្ឋសភា អញ្ជើញតំណាងក្រសួងវប្បធម៌ ក្រសួងអប់រំ ក្រសួងទេសចរណ៍ អាជ្ញាធរអប្សរា និងអាជ្ញាធរជាតិព្រះវិហារ មកជួយផ្ដល់ យោបល់សម្រាប់ការធ្វើសេចក្ដី ថ្លែងការណ៍ទាក់ទិននឹងប្រធានបទទាំងពីរនេះ។

បើតាមប្រសាសន៍របស់ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានឲ្យដឹងថា ដើម្បីត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំនៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិកAPPFលើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែមករា ឆ្នាំ២០១៩ខាងមុខ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប សភាកម្ពុជា បានបង្កើតក្រុមការងារចូលរួមរៀបចំខ្លឹមសារចំនួន៥វិស័យផ្សេងៗគ្នា។

ឯកឧត្ដមអគ្គលេខាធិការបញ្ជាក់ថា រហូតមកដល់ពេលនេះ វិស័យចំនួនបីបានជ្រើសរើសប្រធានបទរបស់ខ្លួនរួចហើយ គឺមានវិស័យកិច្ចប្រជុំសមាជិក សភាស្ត្រី វិស័យនយោបាយ និងសន្តិសុខ និងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ ដោយឡែកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ គឺបានជ្រើសរើស ប្រធានបទនៅក្នុងកិច្ចប្រជុំនាពេលនេះ។ ក្រៅពីនោះ នៅសល់តែវិស័យការងារអនាគតរបស់ APPF តែមួយវិស័យប៉ុណ្ណោះ ដែលនឹងត្រូវប្រជុំក្រុម ការងារជ្រើសរើសប្រធានបទរបស់ខ្លួននៅពេលឆាប់ៗខាងមុខនេះ​។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន