ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្សព្វផ្សាយសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្សព្វផ្សាយសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/7/2018 8:56:38 PM )

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ កម្មវិធីនេះមានការចូលរួមពីមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាចាប់ពីថ្នាក់អនុប្រធានការិយាល័យ រហូតដល់ថ្នាក់អគ្គនាយកដ្ឋាន។

ថ្លែងបើកកម្មវិធី ឯកឧត្តម មិត្ត ការ៉េន បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាផ្នែកមួយនៃកម្មវិធីកែទម្រង់ ទាំងបួននៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ។ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់អោយអនុវត្តនៅខែធ្នូ ឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ទៅជាប្រព័ន្ធហិរញ្ញវត្ថុសាធារណៈស្របតាម ស្តង់ដារ និងមានឧត្តមានុភាពអន្តរជាតិ ដែលមានលក្ខណៈវិមជ្ឈការ ផ្តោតលើធាតុចេញ​ និងសមិទ្ធកម្មនៅឆ្នាំ២០២៥។

ឯកឧត្តមបានមានប្រសាសន៍បន្តថា គ្រប់បណ្តាក្រសួង ស្ថាប័ន គឺតម្រូវអោយមានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជួយ ជំរុញការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព​ និងស្របតាមស្តង់ដារ។ ដោយឡែកអគ្គលេខាធិការដ្ឋានរដ្ឋសភា បានដាក់ អោយដំណើរការ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួននៅដើមឆ្នាំ២០០៩ បន្ទាប់ពីបានចាត់តាំងសមាសភាពក្រុមការងារកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមសេចក្តីសម្រេចលេខ២៥៤រស ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨។

ឯកឧត្តម មិត្ត ការ៉េន បានមានប្រសាសន៍ទៀតថា គោលបំណងនៃការរៀបចំការផ្សព្វផ្សាយនេះ គឺដើម្បីឲ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាន រដ្ឋសភា បានយល់ដឹងពីសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលគ្រប់អង្គភាពត្រូវចូលរួមទាំងអស់គ្នា ក្នុងការរៀបចំបង្កើន ប្រសិទ្ធភាព តម្លាភាព នៃការប្រើប្រាស់ថវិការបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ ឯកឧត្តមបានបន្ថែមថា នៅពេលបច្ចុប្បន្ននេះគឺស្ថិតក្នុងដំណាក់កាល ទី៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ហើយក៏ជាដំណាក់កាលអនុវត្តសាកល្បង ដើម្បីត្រៀមខ្លួនទទួលអនុវត្តថវិកាកម្មវិធីបណ្ដើរៗ នៅឆ្នាំ២០១៨-២០២០។

សូមបញ្ជាក់ថា កម្មវិធីនេះដំណើរការរយៈពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញពីក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ហើយនៅចុងកម្មវិធីក៏មានវេទិកាសំណួរ​ និងចម្លើយផងដែរ។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន