ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » គណៈកម្មការនីតិកម្ម៖ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋាភិបាល​ ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ
គណៈកម្មការនីតិកម្ម៖ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋាភិបាល​ ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:38:15 AM )

បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាពីរាជរដ្ឋាភិបាល នៅរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋសភាបានជួបប្រជុំ ជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ មុននឹងបញ្ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីអនុម័តក្នុងការ ដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា​ និងអនុម័ត។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានរដ្ឋសភា​ ដោយខាងរដ្ឋសភា​ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ហើយតំណាងរាជរដ្ឋាភិបាលមាន ឯកឧត្តម អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ បានតាក់តែងឡើង​បង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលពីបញ្ហាជីវភាពពលរដ្ឋ ពោលរដ្ឋាភិបាលមានឆន្ទៈយ៉ាងមុះមុតក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែល្អ ប្រសើរឡើង។

ឯកឧត្តម អិុត សំហេង ក៏បានគូសបញ្ជាក់ដែរថា​ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គឺធ្វើឡើងក្នុងបរិបទមួយ​ដែលប្រទេសក្នុងតំបន់កំពុង មានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យពាណិជ្ជកម្ម ហើយការគ្រប់គ្រងលើប្រាក់ឈ្នួលពលកម្មឲ្យបានសមស្របមួយ គឺជាចំណុចអាទិភាពដែល រាជរដ្ឋាភិបាលកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ជាខ្លាំង។ ក្នុងន័យនេះ ការពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅស្ថានភាពសេដ្ឋកិច្ច​ និងសង្គម។

ឯកឧត្តមបណ្ឌិត​ ប៉ែន បញ្ញា បានមានប្រសាសន៍ថា​ សេចក្តីព្រាងច្បាប់នេះគឺជាសិមិទ្ធផលមួយផ្សេងទៀត ក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត ដើម្បីគាំទ្រ ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣​របស់រាជរដ្ឋាភិបាល​ និតិកាលទី៥ នៃរដ្ឋសភា។​ ការបង្កើតឲ្យមានក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចក្នុងការលើកកម្ពស់ជីវភាពកម្មករ និយោជិត ព្រមទាំងធានានូវស្ថិរភាព និងនិរន្តរភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគ មកកម្ពុជា។

ក្រោយពីបានពិភាក្សាគ្នាតាមនីតិវិធីមក រដ្ឋសភា​ និងរាជរដ្ឋាភិបាល បានឯកភាពរក្សាអត្ថបទសេចក្តីព្រាងច្បាប់នៅដដែល ដោយគ្រាន់តែកែសម្រួល អក្ខរាវិរុទ្ធឲ្យត្រឹមត្រូវ។ សេចក្តីព្រាងនេះ នឹងត្រូវផ្ញើរជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ៕

អត្ថបទ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន