ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តម ចាយ បូរិន៖ អ្នកសង្កេតការណ៍ពុំអាចជ្រៀតជ្រែកកិច្ចការបោះឆ្នោតឡើយ
ឯកឧត្តម ចាយ បូរិន៖ អ្នកសង្កេតការណ៍ពុំអាចជ្រៀតជ្រែកកិច្ចការបោះឆ្នោតឡើយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:37:11 AM )

ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ រួមដំណើរជាមួយ ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក​ និងបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំពីច្បាប់​ និងនីតិវិធីបោះឆ្នោត និងច្បាប់នានាដែលពាក់ព័ន្ធដល់ការ បោះឆ្នោតដល់សិក្ខាកាមចំនួន២០៩នាក់ នៅខេត្តត្បូងឃ្មុំ ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានវាយតម្លៃថាជាផ្នែកមួយសំខាន់ក្នុងការជំរុញឲ្យពលរដ្ឋចូលរួមការបោះឆ្នោត និងការអនុវត្តសកម្មភាពស្របទៅតាមច្បាប់ នៅមុខពេល ក្នុងពេល​ និងក្រោយពេលបោះឆ្នោត។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីឲ្យសិក្ខាកាម យល់ដឹងអំពីច្បាប់​ និងនីតិវិធីនានាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩​ ខែកក្តដា​ ឆ្នាំ២០១៨ ខាងមុខ ហើយអាចយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនេះ ផ្សព្វផ្សាយដល់ពលរដ្ឋបន្តទៀត ។

ចំណែក ឯកឧត្តម​ ចាយ បូរិន បានលើកឡើងក្នុងពេលបិទវគ្គបណ្តុះបណ្តាលនោះថា អ្នកចូលរួមការងារក្នុងពេលបោះឆ្នោត ដូចជាអ្នកសង្កេតការណ៍ ឬមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមការិយាល័យ តាមឃុំ ស្រុក និងគ្រប់កម្រិត ត្រូវគោរពក្រមសីលធម៌ និងច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យការបោះឆ្នោតដំណើរការទៅដោយរលូន ស្របតាមច្បាប់ និងមានតម្លាភាព។

ឯកឧត្តមបន្តថា អ្នកសង្កេតការណ៍ជាតិ​ និងអន្តរជាតិ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនត្រូវប្រកាន់ក្រមសីលធម៌ មានជំហរអព្យាក្រិត្យ មិនលំអៀង​ ដើម្បីធានាឲ្យបាននូវការបោះឆ្នោតមួយដែលមានតម្លាភាព។ ឯកឧត្តមតំណាងរាស្រ្តបន្តថា អ្នកសង្កេតការណ៍បោះឆ្នោត ពុំអាចជ្រៀតជ្រែកកិច្ចការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឡើយ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន