ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » គណៈកម្មការទី៤នៃរដ្ឋសភាជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល និងបានបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ
គណៈកម្មការទី៤នៃរដ្ឋសភាជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល និងបានបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:32:50 AM )

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ រួមជាមួយ គណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសញ្ជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា ជំនួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គឺដើម្បីសាកសួរនូវចំណុចមួយចំនួន ដែលជា ចម្ងល់របស់គណៈកម្មការជំនាញនៃរដ្ឋសភាបន្ថែមទៀត និងស្នើសុំអោយមានការកែសម្រួលនៅចំណុចខ្លះៗ។

ឯកឧត្តម ព្រុំ សុខា
បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភាថា ដោយពិនិត្យឃើញថា ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលបាន ដាក់ឲ្យអនុវត្តតាំងពីឆ្នាំ១៩៩៦ លែងមានលក្ខណៈសមស្របជាមួយស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជា និងដើម្បីធានាឱ្យ មានសង្គតិភាពជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិថ្មីនានាផង រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើត ក្រុមការងារ ដើម្បីសិក្សាការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ

ឯកឧត្តម ព្រុំ សុខា បានបន្តទៀតថា បន្ទាប់ពីការសិក្សាស្រាវជ្រាវលើច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ រួមជាមួយនឹងច្បាប់ជាតិ និងអន្តរជាតិនានា ក្រុមការងារបានរកឃើញថា មានបទប្បញ្ញត្តិ
ជាងពាក់កណ្តាលនៃច្បាប់ស្តីពីសញ្ជាតិទាំងមូល ចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាឱ្យមានសង្គតិភាព ទៅតាមបទប្បញ្ញត្តិដែលមានចែងក្នុងក្រុមរដ្ឋប្បវេណី និងច្បាប់ផ្សេងៗទៀត និងស្របទៅតាមការវិវត្តន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខ ជាតិ។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំជាសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិជាថ្មីឡើងវិញ។

ឯកឧត្តម ព្រុំ សុខា
បានមានប្រសាសន៍បន្ថែមទៀតថា ​ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការអនុវត្តដែនយុត្ថាធិការរបស់ ព្រះរាជាណាចក្រកម្ពុជាទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ ចំពោះជនដែលរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស និងដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ ហើយសេចក្តីព្រាងច្បាប់នេះ មានគោលដៅ កំណត់អំពីការទទួលបានសញ្ជាតិខ្មែរពីកំណើត ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ ការទទួលបានសញ្ជាតិខ្មែរដោយ អាពាហ៍ពិពាហ៍ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតិតូបនីយកម្ម និងការបាត់សញ្ជាតិខ្មែរ។

ក្រោយពីបានស្ដាប់ការបកស្រាយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចហើយនេះ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានឯកភាពទាំងស្រុង នៅការលើកឡើងរបស់តំណាងរាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា គណៈកម្មការជំនាញរបស់រដ្ឋសភា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ។

 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន