ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » រដ្ឋសភា និងតំណាងរាជរដ្ឋាភិ បាលជួបពិភាក្សាគ្នាលើសេចក្ដីព្រាងច្បាប់ដែលនឹងធ្វើឲ្យប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីអង្គការសហប្រតិបត្តិការការពារព្រៃឈើអាស៊ី
រដ្ឋសភា និងតំណាងរាជរដ្ឋាភិ បាលជួបពិភាក្សាគ្នាលើសេចក្ដីព្រាងច្បាប់ដែលនឹងធ្វើឲ្យប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីអង្គការសហប្រតិបត្តិការការពារព្រៃឈើអាស៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:29:45 AM )

គណៈកម្មការជំនាញចំនួនពីរនៃរដ្ឋសភា គឺគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ និងគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ ឯកឧត្តម យឹម សាវី ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាគ្នាលើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបង្កើត​អង្គការសហប្រតិបត្តិការ ការពារព្រៃឈើអាស៊ី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

ឯកឧត្តម វ៉េង សាខុន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការការពារព្រៃឈើអាស៊ី នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលប្រទេសកម្ពុជាយើងក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គការនេះ។

ឯកឧត្តមមានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ដែលហៅកាត់អាហ្វូកូ (AFoCo Asian Forest Cooperation Organization) ត្រូវបានបង្កើតឡើងក្រោមរូបភាពជាអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើក្នុង តំបន់ តាមរយៈការបំលែងគោលនយោបាយ និងបច្ចេកវិទ្យាអោយទៅជាសកម្មភាពជាក់ស្តែង តាមបរិបទនៃការគ្រប់គ្រងព្រៃឈើប្រកបដោយ និរន្តរភាព ដើម្បីដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រៃឈើក្រោម កម្មវិធីអង្គការអាហ្វូកូ រួមជាមួយកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉េ-មេគង្គ នឹងជំរុញធ្វើការដាំដុះ និងស្តាគម្របព្រៃឈើឡើងវិញ ដែលឆ្លើយតបទៅនឹងគោលនយោបាយវិស័យព្រៃឈើជាតិនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទីស្នាក់ការកណ្តាលរបស់អង្គការ និងលេខាធិការដ្ឋានអាហ្វូកូ មានទីតាំងនៅសាធារណរដ្ឋកូរ៉េ។ កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចប្រជុំចរចាដែលប្រព្រឹត្តទៅចំនួន៨លើក ដោយចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០១៣ និងបានបញ្ចប់ នៅឆ្នាំ២០១៥ ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាននិងបណ្តាប្រទេសនៅតំបន់អាស៊ី។

ឯកឧត្តម វ៉េង សាខុន បានបន្តថា ស្ថិតក្នុងបរិបទខាងលើប្រទេសចំនួន៥ មាន សាធារណរដ្ឋកូរ៉េ រាជាណាចក្រប៊ូតង់ សាធារណរដ្ឋកាហ្សាកស្ថាន ប្រទេសម៉ុងហ្គោលី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាសមាជិកពេញសិទ្ធិនៃអង្គការនេះ ហើយក៏មានប្រទេស៥ផ្សេងទៀតដែលកំពុង តែរៀបចំ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះដែរ ដូចជាសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា សាធារណរដ្ឋ ឥណ្ឌូនេស៊ី ព្រះរាជាណាចក្រកម្ពុជាយើង និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់ឯកឧត្តមរដ្ឋម​ន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក គណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភា បាន ឯកភាពគ្នា ដោយរក្សាខ្លឹមសារអត្ថបទដើមទាំងស្រុង ដោយគ្រាន់តែកែសម្រួលពាក្យពេចន៍អក្ខរាវិរុទ្ធខ្លះៗប៉ុណ្ណោះ ហើយបានសម្រេចបញ្ជូនសេចក្ដី ព្រាងច្បាប់ ស្ដីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបង្កើត​អង្គការសហប្រតិបត្តិការការពារព្រៃឈើអាស៊ីនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បិពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន