ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ
ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/24/2018 2:41:05 AM )

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈ​កម្មការ បានបើកកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ​ ​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

សេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ មាន១០ជំពូក ចែកចេញជា៣៨មាត្រា ជាការរៀបចំជាថ្មីដែលនឹងត្រូវយកទៅអនុវត្តជំនួសច្បាប់ស្តីពីសញ្ជាតិ(ចាស់) ត្រូវ​បាន​​កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ សម្រេច​​ប្រគល់ឱ្យគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា សហការជាមួយគណៈ​កម្មការ​នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ធ្វើការ​ពិនិត្យ និងសិក្សាស្រាវជ្រាវ ។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋានបី៖ ទីមួយ រក្សាទុកនូវបទប្បញ្ញត្តិ ទាំងឡាយនៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ ដែលមានលក្ខណៈសមស្របក្នុងការអនុវត្ត ទីពីរ កែសម្រួលឬលុបចោលនូវបទប្បញ្ញត្តិទាំងឡាយណាដែល លែងមានលក្ខណៈសមស្របក្នុងការអនុវត្ត និងទីបី បន្ថែមបទប្បញ្ញត្តិថ្មីឱ្យស្របតាមការវិវត្តផែ្នកសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីពង្រឹងការ គ្រប់គ្រងកិច្ចការសញ្ជាតិឱ្យកាន់តែមានប្រ​សិទ្ធភាព សំដៅធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋ ការពារសន្តិសុខ និងផលប្រយោជន៍របស់ជាតិ។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍បន្តថា កិច្ចប្រជុំរបស់គណៈកម្មការទី៤​នាពេលនេះ គឺជាកិច្ចប្រជុំផ្ទៃក្នុង ដោយគ្រាន់តែធ្វើការកែសម្រួល ខ្លឹមសារ និងពាក្យពេចន៍ខ្លះ ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ខាងមុខ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ រួមជាមួយ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នឹងអញ្ជើញតំណាងរាជរដ្ឋាភិបាល​មកជួបប្រជុំពិភាក្សា​គ្នាលម្អិតបន្ថែមទៀត មុននឹងបញ្ជូនសេចក្តីព្រាង ច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ​ដើម្បីសម្រេច​ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភា។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន