ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/23/2018 10:50:37 PM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅវិមាន រដ្ឋសភា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីធ្វើការពិនិត្យ និងសិក្សាស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ជាសេចក្ដីព្រាងច្បាប់ថ្មីដែល នឹងត្រូវយកទៅអនុវត្តជំនួសច្បាប់ស្តីពីការរៀបចំ​  និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី(ចាស់) ដែលបានតាក់តែងឡើងតាំងពីឆ្នាំ១៩៩៤នោះ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្ថែមថា ផ្អែកតាមស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវរបស់ រាជរដ្ឋាភិបាល វាពិតជាមានភាពចាំបាច់ដែលត្រូវមានការពង្រឹងផ្នែកច្បាប់ និងបង្កើតរាល់លិខិតបទដ្ឋានគតិយុត្តិឲ្យស្របទៅនឹងការវិវត្តថ្មីៗ សម្រាប់ គ្រប់គ្រងដឹកនាំប្រទេស។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍ទៀតថា កិច្ចប្រជុំពេលនេះ គឺគណៈកម្មការគ្រាន់តែពិនិត្យ សិក្សា ស្រាវជ្រាវលើទៅលើខ្លឹមសារ ដោយមានការកែសម្រួលនូវពាក្យពេចន៍អក្ខរាវិរុទ្ធមួយចំនួន ឲ្យត្រូវតាមវចនានុក្រម និងទម្រង់ច្បាប់។ ហើយនៅថ្ងៃបន្ទាប់ ក៏នឹងមានការប្រជុំជាអន្តរ គណៈកម្មការនៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីធ្វើការពិនិត្យ និងសិក្សាលម្អិតបន្ថែមមុននឹងសម្រេចបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ពិនិត្យសម្រេចដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មី ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី មាន៩ជំពូក​ និង៥៩មាត្រា ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន